Latest Movie :
Recent Movies
Showing posts with label រឿងព្រេងខ្មែរ. Show all posts
Showing posts with label រឿងព្រេងខ្មែរ. Show all posts

រឿង មនុស្សលោភ


          កាលពីព្រេងនាយ មានរឿងមួយថា មានកុមារីម្នាក់អាយុ ១៤ ឆ្នាំ ម្តាយប្រើឲ្យទៅជីកដម្លូង។ ក្មេងនេះ រៀបចំរួចស្រេច ចេញដើរទៅរកដម្លូង ទៅដល់ព្រៃធំមានដម្បូកមួយមានរូងជ្រៅ។ នាងកុមារី ទៅជីកដម្លូង នៅជើងដម្បូកនោះ ក៏របូតផ្លែចបជ្រុះធ្លាក់ទៅក្នុងរូងនោះ។ នាងមិនដឹងធ្វើដូចម្តេច ក៏ស្រែកប្រកាសថា “លោកណា អ្នកណាអើយ ជួយយកផ្លែចបឲ្យខ្ញុំបាន ខ្ញុំនឹងសងគុណលោក”។ ស្រែកតែប៉ុណ្ណេះ មានខ្លាចាស់មួយ ដំបៅក្បាល រុយបែង ដង្កូវចុះគគ្រេចចេញមកពីក្នុងព្រៃ ប្រាប់ទៅនាងនោះ ថា “នាង! តាយកឲ្យបានផ្លែចបនោះ តែបើតាយកបាន តាគ្រាន់តែឲ្យនាងឯង រកចៃឲ្យតាបានហើយ តាមិនបាច់យកគុណពីចៅទេ”។ នាងឮខ្លាថាដូច្នោះ ក៏និយាយទៅថា”ឱលោកតាអើយ!  ឲ្យតែលោកតាជួយយក ឲ្យបានចុះ”។ ខ្លាយកបានផ្លែចបពីក្នុងរូងឲ្យទៅនាង ហើយឲ្យនាងរកចៃឲ្យ។ នាងនោះយកបន្លាមកឆ្កឹះដង្កូវ នៅក្នុងដំបៅក្បាលខ្លា។ ខ្លាចេះតែសួរនាងថា “នាងដំបៅតាស្អុយ ឬក្រអូប?”។ ដំបៅនោះស្អុយណាស់ ប៉ុន្តែនាងឆ្លើយប្រាប់ទៅវិញថា “ក្រអូបណាស់លោកតា” ខ្លាចេះតែសួរ នាងចេះតែថា ក្រអូប។ លុះឆ្កឹះដង្កូវអស់ទៅ ខ្លាបាត់ឈឺ បាត់រមាស់ ហើយនិយាយប្រាប់នាងថា “នាង! នាងយកជាលមួយមក តានឹងដាក់ដង្កូវឲ្យ”។ នាងនោះយកជាលមួយមកឲ្យខ្លាៗ ដាក់សុទ្ធតែមាសប្រាក់ពេញជាល ចងមាត់ជាលជាប់ឲ្យទៅនាង រួចប្រាប់ទៅនាងនោះថា “នាងយកជាលនេះទៅផ្ទះ ហៅបងប្អូននាងមកជុំ បិទទ្វារឲ្យជិតសឹមបើក”។ នាងនោះលាខ្លា ដើរទៅដល់ផ្ទះ ហៅបងប្អូនមកជុំ រួចក៏បើកជាល ដល់បើក ទៅបានសុទ្ធតែមាស និងប្រាក់ចែកគ្នា។ លុះយូរបន្តិច ដឹងទៅដល់ស្រីឯទៀត ដែលមានកូនក្រមុំ ស្រី នោះបញ្ជាកូនក្រមុំថា “ហងឯងមើលកូនគេៗ ដើរទៅជីកដម្លូងបានមាសប្រាក់ យកមកចែកបងប្អូនគេ ហងទៅជីកបានតែដម្លូង គ្មានបានខ្មោចអ្វីទេ”។ ថ្ងៃក្រោយ ស្រីនោះប្រើឲ្យកូនទៅជីកដម្លូង លុះបានទៅ ដល់ជួបប្រទះនឹងខ្លា ដូចនាងមុនទៀត ក៏ធ្វើជាជុះចបដូចនាងមុននោះដែរ ហើយថា “ លោកណាយក ចបឲ្យខ្ញុំបាន ខ្ញុំនឹងសងគុណលោក”។ ខ្លាឮហើយ ក៏យកមកឲ្យ រួចឲ្យនាងនោះ ចាប់ដង្កូវឲ្យ។ ខ្លាសួរ ដូចពីមុ​នថា “នាង! ដំបៅតាស្អុយ ឬក្រអូប?”។ នាងនោះឆ្លើយថា”ស្អុយណាស់” ខ្លាឮដូច្នោះថា “នាងយកជាលមួយមក តានឹងដាក់មាសប្រាក់ឲ្យ”។ នាងយកជាលឲ្យខ្លាៗ ចាប់សុទ្ធតែពស់វែក ដាក់ពេញ ជាល ហើយឲ្យទៅនាងនោះ ប្រាប់ថា “ នាងយកទៅផ្ទះហៅបងប្អូនមកជុំ បិទទ្វារឲ្យជិតសឹមបើក”។ នាងនោះទៅដល់ផ្ទះ ហើយប្រាប់ម្តាយៗ អរណាស់ ឲ្យបងប្អូនមកជុំតាំងបិទទ្វារ រួចបើកជាលមើល។ ពស់វែកចេញមកចឹកមនុស្សទាំងនោះស្លាប់អស់ទៅ។

ចចើងចង់លាភ រែងបាត់ធនទៅ

រឿង មហាសុរសេន


(សេចក្តីសង្ខេប)
          កាលណោះ មានព្រះមហាក្សត្រមួយព្រះអង្គ ព្រះនាមព្រះបាទមហាសុរសេនសោយរាជ្យក្នុងព្រះនគរពារាណសី តែងទ្រង់ទូន្មានមហាជនរាល់ព្រឹកថា “ អ្នកទាំង ឡាយ កុំបីមានសេចក្តីប្រមាទ ចូរនាំគ្នាធ្វើបុណ្យឲ្យទានរក្សាសីល ” ។ ទ្រង់ឲ្យសង់សាលាទាន ៦ ចំណាយព្រះរាជទ្រព្យមួយថ្ងៃមួយសែនកហាបណៈដាក់ទានដល់ស្មូមយាចករៀងរាល់ថ្ងៃ ។
          ថ្ងៃមួយទ្រង់ព្រះចិន្តាថា សព្វថ្ងៃនេះបានធ្វើពាហិរកទាន (ទានខាងក្រៅខ្លួន) សព្វគ្រប់ហើយ ប៉ុន្តែអជ្ឈត្តិកទាន (ទានខាងក្នុងខ្លួន) មិនទាន់បានបំពេញសោះ ។ ធម្មតាព្រះពោធិសត្វទាំងឡាយ តែងធ្វើមហាបរិច្ចាគទាំង ៥ ប្រការ ទើបបានត្រាស់ជាព្រះពុទ្ធ បើមានស្មូមណាមួយមកសូមភ្នែកក្តី បេះដូងក្តី សាច់ឈាមក្តី អវយវៈណាក្តី ទ្រង់នឹងបរិច្ចាគជាទានដល់ស្មូមនោះ ៗ ក្នុងកាលឥឡូវនេះ ។
          គ្រានោះ  ព្រះឥន្រ្ទាធិរាជ ទ្រង់ជ្រាបទឹកព្រះទ័យនៃព្រះបាទមហាសុរសេនដូច្នោះហើយ ក៏ចុះពីទេវលោកមកកាន់ឋានមនុស្សលោក ។ ព្រះឥន្ទទ្រង់និម្មិតអាត្មាជាមាណពឥតក្បាល ដៃកាន់ឈើច្រត់ឈរបង្ហាញខ្លួននៅទីព្រលាននៃព្រះមហាក្សត្រ ។ ព្រះបាទមហាសុរសេន ទ្រង់គ្រឿងអលង្ការ មានអាមាត្យមុខមន្រ្តីហែហមអមព្រះអង្គ ស្តេចឡើងគង់ព្រះទីនាំងគជេន្រ្ទឆ្ពោះទៅឯសាលាទាន ។ មាណពឥតក្បាល ក៏លើកដៃប្រណម្យបង្គំទូលថា “ បពិត្រព្រះរាជសម្ភារទូលព្រះបង្គំ ជាមនុស្សឥតក្បាល សូមទ្រង់ព្រះរាជទានព្រះសិររបស់ព្រះអង្គ ឲ្យទូលព្រះបង្គំដោយក្តីអនុគ្រោះដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គ ” ។
          អាមាត្យមុខមន្រ្តី និងមហាជនផង បានស្តាប់សម្តីនៃមាណពកំបុតក្បាលនោះ ក៏មានសេចក្តីតក់ស្លុតរន្ធត់ចិត្តមហិមា ។ ឯព្រះមហាក្សត្រទ្រង់មានព្រះឱង្ការថា “ ម្នាលមាណព អ្នកសូមរបស់អ្វី យើងនឹងឲ្យរបស់នោះ ឥតទើសទាល់ឡើយ យើងនឹងបំពេញបំណងរបស់យើងផង របស់អ្នកផង ថ្ងៃនេះយើងនឹងដាក់ទានក្បាលយើងឲ្យអ្នក យើងប្រាថ្នាសូមឲ្យបានត្រាស់ជាព្រះពុទ្ធមួយអង្គ ស្រោចស្រង់សត្វលោកទៅអនាគតកាល ” ។ ទ្រង់បានប្រទានព្រះខ័នទៅអាមាត្យម្នាក់ឲ្យកាត់ព្រះសិរសាព្រះអង្គ ។ អាមាត្យនោះឈរសម្រក់ទឹកភ្នែកមិនអាចប្រតបត្តិតាមព្រះឱង្ការឡើយ ហើយចាប់ព្រះខ័នកាត់ព្រះសុរងដាច់ចេញពីព្រះកាយព្រះរាជទាន ទៅមាណពឥតក្បាលនោះមួយរំពេច  ។ កាលណោះ ស័ព្ទយំសោក មានព្រះអគ្គមហេសី និងស្រីស្នំជាដើម លាន់ឮកងរំពងទូទៅ ដោយក្តៅសោកស្តាយអាឡោះអាល័យព្រះមហក្សត្រ ។ សេចក្តីអស្ចារ្យផ្សេង ៗ ក៏កើតមានប្រាកដជាក់ស្តែងមហាប្រថពីក៏កម្រើកញាប់ញ័រសូរស័ព្ទផ្គរលាន់ឮគគ្រឹកគគ្រេង ភ្លៀងផ្កាប្រាំពណ៌ក៏បង្អុរធ្លាក់ចុះពីអាកាស ដោយតេជៈទានបរមត្ថបារមីនៃព្រះមហាក្សត្រ ។
          ខណៈនោះ ព្រះឥន្រ្ទាធិរាជជាម្ចាស់នៃត្រៃត្រឹង្សទេវលោក ទ្រង់គ្រឿងអលង្ការទិព្វ ទ្រង់ស្ថិតនៅព្ធដ៏អាកាស ទ្រង់បង្ហាញព្រះអង្គឲ្យមហាជនប្រុសស្រីបានឃើញជាក់ស្តែងរាល់គ្នា ហើយទ្រង់មានទេវឱង្ការនឹងព្រះនាងទេវីថា “ ម្នាលព្រះនាង កុំទ្រង់កន្សែងសោយសោកពេកឡើយ យើងនឹងប្រទានជីវិតដល់ព្រះរាជស្វាមីនៃព្រះនាង ក្នុងកាល ឥឡូវនេះឯង ” ។ ដោយតេជៈកុសលសម្ភារនៃព្រះមហាក្សត្រ និងទេវានុភាព ព្រះសិរសាក៏កើតឡើងវិញដូចដើម ក្នុងខណៈនោះឯង ។ មនុស្សម្នាមហាជនក៏ថ្វាយស័ព្ទសាធុការពរលាន់ឮកងរំពងទូទៅ ទាំងព្រះរាជវង្សានុវង្សបានឃើញការណ៍អស្ចារ្យដូច្នោះ ក៏ព្រឺព្រួចលោមាមានក្តីត្រេកអរសោមនស្សដ៏មហិមា ព្រះបាទមហាសុរសេន ក្រោយដែលទ្រង់មានព្រះជន្មឡើងវិញហើយ ទ្រង់តែងបំពេញកុសលមានទានសីលជាដើមជានិច្ច រៀងរហូតដល់សោយទីវង្គត ស្តេចបានទៅកើតក្នុងតុសិតពិភព សេពសោយសម្បត្តិទិព្វជានិរន្តរ៍ ៕
(ដកស្រង់ចេញពីសៀវភៅ បញ្ញាសជាតក ទំព័រ ៨៧)


រឿង រតនប្បជ្ជោត


(សេចក្តីសង្ខេប)
          មានសេចក្តីដំណាលថា មានព្រះមហាក្សត្រមួយអង្គព្រះនាមព្រះបាទមហារថរាជ ព្រះអគ្គមហេសី ព្រះនាម សិរិរតនអាភា គ្រងរាជ្យក្នុងនគរមេឃវតី ។ រាត្រីមួយព្រះនាងទ្រង់ព្រះសុបិនថា មានបុរសម្នាក់ សប្បុរខ្មៅ ភ្នែកក្រហម ស្លៀកពាក់សំពត់ក្រហម ដៃកាន់អាវុធមុតថ្លា មកពីទិសខាងលិច ចូលដល់ក្រឡាបន្ទំ រួចពុះទ្រូងរូងយកសាច់បេះដូង ហើយដើរចេញទៅទិសខាងលិចវិញ ។
          លុះតើនឡើង ទើបព្រះនាង ក្រាបទូលព្រះស្វាមីអំពីដំណើរសុបិននោះ ។ ព្រះរាជាទ្រង់ត្រាស់ហៅហោរ ដែលចេះទាយនិមិត្ត ហោរក្រាបទូលថា
          តាមព្រះសុបិននេះ មានទំនាយថា ព្រះករុណាជាម្ចាស់ជជីវិ និងព្រះរាជាទេពីនឹងព្រាត់ប្រាសគ្នាពុំខាន ។
          ចុះហេតុដូចម្តេច បានជាយើងត្រូវព្រាត់គ្នា ?
          បពិត្រព្រះសម្មតិទេព មហាមេឃនឹងបង្អុរភ្លៀងធ្លាក់ចុះមកលើផែនដីរាល់យប់ថ្ងៃ ហើយជលធារានឹងជោរជន់ឡើងរហូតដល់កំពស់ ៧ ត្នោតលៃ ។
          ព្រះរាជាមានព្រះបញ្ជា ឲ្យជាងតទូកក្តារបំរុងទុកជាប្រញាប់ប្រញាល់មានទិវារាត្រី ត្រាតែទឹកជោរជន់ឡើងឥតអាក់ ដរាបដល់មានកំពស់ទឹក ៧ ត្នោតលៃ ។ ក្សត្រក្សត្រី និងព្រះរាជវង្សានុវង្សឡើងគង់លើរាជនាវាដែលបំរុងទុកនោះ រលក់ទឹកធំ ៗ ក៏បោកបក់ខ្លាំងឡើង ៗ ត្រាតែនាវាទាំងឡាយបាក់បែកលិចលង់ទៅ ៗ ។ ព្រះរាជទេពីសិរិរតនអាភាទ្រង់គភ៌ចាស់ខែហើយ ត្រូវរលក់ទឹកធំបន្សាត់បញ្ជូនទៅទើរលើកំពូលភ្នំមួយ ។ ដោយអនុភាពនៃទារកក្នុងគភ៌ ព្រះឥន្រ្ទាធិរាជទ្រង់បញ្ជាឲ្យព្រះវិស្សុកម្មទេវបុត្រ ចុះមកនិមិត្តបណ្ណសាលាមួយថ្វាយព្រះនាង ៗ គង់ក្នុងបណ្ណសាលានោះ មិនយូរប៉ុន្មានក៏ប្រសូតព្រះរាជបុត្រតាំងនាមបុត្រថា រតនប្បជ្ជោតកុមារ ។
          ឯព្រះបាទមហារថរាជ ត្រូវរលក់ធំបន្សាត់ទៅក្នុងសមុទ្ររងទុក្ខវេទនាអស់កំឡុង ៧ ថ្ងៃ ប៉ុន្តែនៅទីបំផុត ទ្រង់បានមកដល់នគររបស់ទ្រង់វិញ ក្រោយទឹកជំនន់ស្រកស្រុតអស់ទៅ ។
          ចំណែកព្រះនាងសិរិរតនអាភា បានទ្រង់ភេទជាតាបសិនី តែងចេញទៅស្វែងរកផលាផលក្នុងព្រៃ ដើម្បីចិញ្ចឹមព្រះរាជបុត្ររៀងរាល់ថ្ងៃត្រាតែព្រះរាជបុត្រមានព្រះជន្ម ៥ វស្សា ។ ថ្ងៃមួយព្រះកុមារសួររកព្រះវរបិតា ព្រះនាងក៏ថ្លែងប្រាប់សព្វគ្រប់ ។ ព្រះកុមារអាណិតព្រះវរមាតាណាស់ ទើបសុំយកអាសាទៅស្វែងរកផលាផលជំនូសព្រះមាតា ៗ មិនព្រមអនុញ្ញាតទេ ព្រោះនៅក្មេងណាស់ ។
          ថ្ងៃមួយព្រះនាងចេញទៅព្រៃ ដើម្បីស្វែងរកផលាផលដូចសព្វដងពេលត្រឡប់មកព្រះនាងចូលជ្រកក្រោមម្លប់ដើមជ្រៃមួយធំ សម្រាកព្រះកាយពលស្រាបតែមានមហាយក្ខ ១ អាស្រ័យនៅនឹងដើមជ្រៃនោះឃាត់ព្រះនាងទុក ព្រះនាងអង្វរយ៉ាងណាយក្ខក៏មិនព្រមសោះ ព្រះនាងទ្រង់កន្សែងដោយនឹករលឹកអាឡោះអាល័យព្រះរាជបុត្រមហិមា ស្ទើរដល់នូវវិសញ្ញីភាព ។
          ឯព្រះកុមារគយគន់មើលផ្លូវព្រះវរមាតា ត្រាតែដល់ថ្ងៃគងមាត់ព្រៃទើបអ្នកជញ្ជឹងគិតថា ព្រះវរមាតាមិនដែលបាត់យូរដល់ម្ល៉េះទេ ប្រហែលមានគ្រោះថ្នាក់អ្វីមួយ ទើបអ្នកចេញដើរទៅតាមដានជើង ហើយអ្នកស្រែកបង្កូកហៅក្តែង ៗ ត្រាតែជិតដល់ដើមជ្រៃធំនោះ ទើបព្រះនាងឆ្លើយតបមកព្រះកុមារ ៗ ចូលទៅជិតមហាយក្ខហើយនិយាយអង្វរថា បពិត្រមហាយក្ខសូមអ្នកដោះលែងព្រះមាតាខ្ញុំទៅ បើអ្នកត្រូវការសាច់ឈាមជាអាហារ សូមអ្នកបរិភោគខ្លួនខ្ញុំវិញចុះ ។ យក្ខឆ្លើយថា បើអ្នកអាចពុះទ្រូងរូងយកសាច់បេះដូងមកឲ្យយើងស៊ីសិន ទើបលែងម្តាយអ្នកក្នុងកាលឥឡូវនេះឯង ។
          ព្រះមហាសត្វអធិដ្ឋាន សូមឲ្យមានអាវុធធ្លាក់ចុះមក ក៏បានសម្រេចដូចព្រះបំណង ទើបអ្នកពុះទ្រូងរូងយកបេះដូងមួយរំពេច ទុកជាព្រះមាតាអ្នកឃាត់អង្វរយ៉ាងណា ៗ ក៏អ្នកមិ​នព្រមសោះ ក្រោយដែលបានប្រគល់សាច់បេះដូង ដាក់លើដៃមហាយក្ខហើយ អ្នកក៏ដួលដេកសន្លប់បាត់ស្មារតី ។ ឯព្រហនាងស្ទុះទៅឱបព្រះរាជបុត្រ ទ្រង់ព្រះកន្សែងសោកមហិមា ត្រាតែសន្លប់ទៅក្នុងខណៈនោះដែរ ។
          ព្រះឥន្រ្ទាធិរាជទ្រង់បានជ្រាបហេតុនោះសព្វគ្រប់ហើយ ទ្រង់វជីរាវុធហោះចុះមកកាន់ទីនោះ ទ្រង់គម្រាមកំហែងមហាយក្ខថា បើប្រសិនព្រះស្តែងមិនធ្វើឲ្យព្រះកុមារ និងព្រះវរមាតា ឲ្យមានព្រះជន្មឡើងវិញទេ ទ្រង់នឹងប្រហារក្បាលមហាយក្ខឲ្យបែកជា ៧ ភាគ វជិរាវុធនេះ ។ មហាយក្ខភិតភ័យតក្កមា ក៏រកឱសថទិព្វ (វរមាស) ឱភាសចិញ្ចែង ទ្រង់អញ្ជើញឲ្យមាតា និងបុត្រឡើងគង់ ទ្រង់នាំទៅក្រុងមេឃវតីតាមផ្លូវអាកាស ។
          ឯព្រះបាទមហារថរាជជាព្រះវរបិតា មានព្រះហឫទ័យត្រេកអរសោមនស្សណាស់ ទើបទ្រង់រៀបពិធីរាជាភិសេកឲ្យព្រះរាជបុត្រឡើងគ្រងរាជសម្បត្តិបន្ទាប់បន្តពីព្រះអង្គទៅតទៅទៀត  ទ្រង់ព្រះនាមព្រះបាទរតនប្បជ្ជោតរាជ ៗ គ្រងរាជ្យអស់កំឡុង ១ ខែ ទ្រង់បានថ្វាយរាជសម្បត្តិទៅព្រះវរបិតារបស់ព្រះអង្គវិញ ហើយទ្រង់ទូលលាព្រះវរមាតា ព្រះវរបិតា ចេញទៅទ្រង់ព្រះផ្នួសជាឥសីនាព្រៃហេមពាន្តដរាបអស់ព្រះជន្មាយុ ៕

(ដកស្រង់ចេញពីសៀវភៅ បញ្ញាសជាតក ទំព័រ ៤៦)

រឿង រាជអមាត្យ ២ នាក់បម្រើស្តេច


          មាននិទានមួយថាៈ មានរាជអមាត្យ ២ នាក់ ម្នាក់ចុះមកពីបម្រើព្រះមហាក្សត្រ នឹងត្រឡប់ទៅផ្ទះ ម្នាក់មកពីផ្ទះឡើងទៅបម្រើ ប្រទះគ្នានៅពាក់កណ្តាលស្ពាន ប្រកែកគ្នាពុំព្រមចៀសគ្នាតែរៀងខ្លួន អមាត្យដែលចុះអំពីបម្រើថា “ ចូរចៅចៀសចេញ ត្បិតអញទើបតែចុះមកអំពីបម្រើហ្លួង អញនឹងត្រឡប់ទៅផ្ទះវិញ ” ។ អមាត្យមួយថា “ ចូរចៀសអញ ៗ ទៅបម្រើហ្លួង ” ។ អមាត្យទាំង ២ នោះ ពុំព្រមចៀសគ្នា នាំគ្នាទៅប្តឹងចៅក្រមដោយនូវដំណើរទីទៃ ៗ ចៅក្រមនិយាយឃាត់ថា “ អ្នកទៅបម្រើក៏ទៅបម្រើទៅ, អ្នកទៅផ្ទះក៏ទៅផ្ទះទៅ កុំឈ្លោះគ្នា ។ អមាត្យទាំង ២ នាក់ពុំសុខចិត្តតាមចៅ ក្រមឃាត់នោះឡើយ ក៏នាំគ្នាទៅក្រាបបង្គំគាល់ព្រះមហាក្សត្រតាមដំណើររឿងទីទៃ ៗ ។ ព្រះមហាក្សត្រទ្រង់ព្រះចិន្តាពិចារណាហើយ ទ្រង់ព្រះរាជបញ្ជា ឲ្យអមាត្យអ្នកឡើងទៅបម្រើនោះ យកភោជនាហារទៅស្មាលាទោសនឹងអមាត្យ ដែលចុះមកពីបម្រើទ្រង់ព្រះរាជបញ្ជាដូច្នេះ អមាត្យទាំង ២ នាក់ព្រមចូលចិត្តគ្រប់គ្នាហោង ។

(ដកស្រង់ចេញពីសៀវភៅ ប្រជុំរឿងព្រេងខ្មែរភាគ ៣ ទំព័រ ១៣៥)

រឿង បុរសម្ចាស់ផ្ទះ និងបុរសសុំសំចត


          មាននិទានមួយដំណាលថាៈ មានបុរសម្នាក់ទើបនឹងសង់ផ្ទះហើយថ្មី ៗ គាប់ចួនមានបុរសម្នាក់ទៀត ចូលមកសុំសំណាក់នឹងផ្ទះនោះ ។ ឯចៅម្ចាស់ផ្ទះក៏ព្រមឲ្យសំចតហើយនៅរួមជាមួយគ្នាក្នុងផ្ទះនោះទៅ ។ ចៅសុំសំចត លុះនៅបានយូរបន្តិច ក៏រាប់អស់គ្រឿងផ្ទះ គឺរនូត រនាប រណប បង្កង់ ដៃរណែង ផ្ទោង ផ្ងាន មានដំណរ ឥតដំណរ នូវស្លឹកប្រក់ ខ្នួចសព្វគ្រប់ កត់សំគាល់ទុកជាចំណាំ ។ លុះនៅជាអន្លុងបាន ១ ខែ ទៅ ចៅម្ចាស់ផ្ទះក៏និយាយថា “ ចៅមកនៅសំចតនឹងអញនេះយូរអង្វែងហើយ ចូរចៅទៅស្រុកចៅវិញចុះអញនឹងយកម្តាយឪពុក យកបងប្អូនអញមកនៅ ” ។ ឯចៅសុំសំចតឆ្លើយថា “ ផ្ទះនេះជាផ្ទះរបស់អញម្តេចក៏ចៅថាជាផ្ទះរបស់ចៅវិញ ? ” ។ ចៅទាំង ២ នាក់ឈ្លោះទាស់ទែងដណ្តើមផ្ទះគ្នា ក៏នាំគ្នាឡើងទៅប្តឹងចៅក្រមឲ្យជំនុំជម្រះ ។ ចៅម្ចាស់ផ្ទះប្តឹងថា “ ផ្ទះនោះជាផ្ទះរបស់ខ្ញុំប្របាទទើបសង់ថ្មី ចៅនេះចូលមកសុំសំចតអស់អម្លុង ១ ខែ ពុំព្រមចេញ សូម្បីខ្ញុំប្របាទប្រាបឲ្យចេញ ក៏នៅតែពុំព្រមចេញ ថែមទាំងចៅនេះប្រកាន់យកផ្ទះរបស់ខ្ញុំប្របាទថាជាផ្ទះរបស់ខ្លួនផងទៀត ” ។ ចៅសុំសំចតប្តឹងថា “ ផ្ទះនោះខ្ញុំប្របាទទើបសង់ថ្មី ចៅនេះមកសុំសំចតអស់អម្លុង ១ ខែ ហើយដណ្តើមយកផ្ទះនោះអំពីខ្ញុំប្របាទ សូមទានមេត្តាប្រោស បើចៅនេះប្រកាន់ថាជាផ្ទះរបស់ខ្លួន តើចៅនេះដឹងទេ អស់ទាំងគ្រឿងផ្ទះនោះ គឺរនូត រនាប បង្កង់ ខ្នួចស្លឹកប្រក់ផ្ទះមានប៉ុន្មាន ? ” ។
          ចៅម្ចាស់ផ្ទះឆ្លើយតបទៅចៅក្រមថា “ ខ្ញុំប្របាទពុំបានរាប់ទេ តែផ្ទះនេះពិតជាផ្ទះរបស់ខ្ញុំប្របាទប្រាកដមែន ” ។ ចៅក្រមក៏ដណ្តឹងសួរទៅចៅសុំសំចតថា “ បើចៅប្រកាន់ថា ជាផ្ទះរបស់ចៅ តើចៅដឹងទេ គ្រឿងផ្ទះនោះមានប៉ុន្មាន ? ” ។ ចៅសុំសំចត ហេតុតែបានកត់សំគាល់ចំណាំទុកពីមុនមកស្រេច ក៏ឆ្លើយត្រូវទាំងអស់ ។ ចៅក្រមយល់ថា “ ប្រហែលជាចៅនេះជាម្ចាស់ផ្ទះមែន បានជាចាំបានសព្វគ្រប់ទាំងគ្រឿងផ្ទះ ”  ទើបកាត់សេចក្តីឲ្យបានទៅចៅសុំសំចតនោះ ។ ឯចៅម្ចាស់ផ្ទះពុំសុខចិត្តឡើយ ទើបនាំរឿងនោះទៅក្រាបបង្គំទូលព្រះមហាក្សត្រ ។
          ព្រះមហាក្ស ត្រទ្រង់ព្រះចិន្តាថា “ ហេតុអ្វីក៏ចៅមួយនេះ ចាំអស់គ្រឿងផ្ទះសព្វគ្រប់ម្ល៉េះ ? ហើយទ្រង់ត្រាស់សួរថា អើ ! ចៅចាំបានគ្រឿងផ្ទះបានហ្មត់ចត់ល្អណាស់ តែឯជើងសសរខាងក្នុងរណ្តៅនោះ តើមានអ្វីឬទេ ? ” ។ចៅសុំសំចតក្រាបបង្គំទូលថា គ្មានអ្វីនៅក្នុងរណ្តៅទេ ” ។ ទើបទ្រង់ត្រាស់សួរចៅម្ចាស់ផ្ទះថា “ បើចៅថាផ្ទះនោះជារបស់ចៅ តើចៅបានដាក់អ្វីនៅជើងសសរខ្លះដែរឬទេ ? ” ។ ចៅម្ចាស់ផ្ទះគ្រាបទូលថា “ រណ្តៅខាងជ្រុងអគ្នេយ៍នោះ ជាទីមានកក់ទន់ជ្រាយ ទើបទូលព្រះបង្គំជាខ្ញុំយកឈើ ១ កំណាត់ ដាក់នៅបាតសសរដើម្បីកុំឲ្យវាស្រុត ” ។ ទ្រង់ត្រាស់ថា “ បើថាដូច្នោះ ត្រូវទៅជីកជើងសសរនោះមើល តើមានមែនឬទេ ” ។ លុះជីកទៅ ក៏បានឃើញកំណល់កល់ជើងសសរនោះមែន ទើបត្រាស់វិនិច្ឆ័យថា “ ហេតុតែផ្ទះនោះជារបស់ចៅនោះមែនបានជាចាំបានដល់ក្នុងដី, ឯចៅមួយនោះ មិនមែនជាចៅម្ចាស់ផ្ទះទេបានជាចាំតែគ្រឿងខាងលើ ពុំដឹងដល់ក្នុងដី ហេតុនេះត្រូវបានផ្ទះទៅចៅដែលដឹងដល់គ្រឿងផ្ទះនៅក្នុងដី, ឯចៅ ១ នោះជាអ្នកឆបោកគេត្រូវមានទោស នឹងត្រូវពិន័យតាមច្បាប់ ” ។
          ចៅទាំង ២ នាក់ក៏សុខចិត្ត ហើយក្រាបថ្វាយបង្គំលាទៅកាន់លំនៅរបស់ខ្លួនទីទៃ ហោង ។

(ដកស្រង់ចេញពីសៀវភៅ ប្រជុំរឿងព្រេងខ្មែរភាគ ៣ ទំព័រ ១៧៣) 

រឿង វត្តង្គុលីរា


( សេចក្តីសង្ខេប )
          ក្នុងកាលកន្លងមកយូរអង្វែងហើយនោះ មានពាណិជម្នាក់ឈ្មោះកុលភទ្ទកុមារនៅក្នុងនគរអមរវតី ។ ថ្ងៃមួយ កុលភទ្ទកុមារពាណិជ បានបរទេះទៅកាន់នគរផ្សេងទៀត ដើម្បីជួញជាមួយពាណិជបរទេះដូចគ្នា ប្រមាណមួយពាន់នាក់ កំពុងតែបរទេះតាមផ្លូវ ស្រាប់តែអ្នកប្រទះឃើញព្រះពុទ្ធបដិមាមួយអង្គដែលគេបានសាងពីដីស្អិត ក្នុងទីអារាមមួយដែលគេតាំងនៅក្នុងព្រៃក្បែរផ្លូវរទេះ ។ ព្រះពុទ្ធបដិមានោះ បាក់ម្រាមព្រះហស្តមួយ ទើបព្រះពោធិសត្វបានច្របាច់ដីស្អិតលាយនឹងប្រេងល្ង តម្រាមព្រះហស្តព្រះពុទ្ធមដិមានោះ ឲ្យបានពេញលេញដូចដើមវិញ ហើយអ្នកបានបូជាដោយទៀនធូប និងកម្រងផ្កាជាដើម ចំណាយទ្រព្យប្រាំបីកហាបណៈប្រគល់ឲ្យទាសីម្នាក់ថែរក្សា ជាតម្លៃគ្រឿងសក្ការបូជាផ្សេង ៗ អ្នកតាំងសេចក្តីប្រាថ្នាថា “ សូមកុំឲ្យសត្រូវទាំងឡាយមានមកចំពោះមុខខ្ញុំបានឡើយ ដោយអានិសង្សនៃការកសាងម្រាមព្រះហស្តនេះ នៅជាតិជាទីបំផុត ខ្ញុំសូមឲ្យបានត្រាស់ជាព្រះពុទ្ធ ១ អង្គស្រោចស្រង់សត្វលោក ”។
          ព្រះពោធិសត្វប្រកបជីវភាពរបស់ខ្លួន ប្រកបដោយសេចក្តីសុខក្សេមក្សាន្តដរាបដល់អស់អាយុ បានទៅកើតក្នុងឋានសួគ៌ទេវលោក លុះអស់អាយុបានមកចាប់បដិសន្ធិក្នុងឧទរនៃអគ្គមហេសី នៃព្រះបាទក្រុងពារាណសី ព្រះនាងទ្រង់គភ៌គ្រប់ទសមាសហើយ ប្រសូតព្រះរាជបុត្រប្រកបដោយលក្ខណៈប្រសើរ ។ លុះព្រះកុមារចំរើនវ័យឡើង ទ្រង់មានអនុភាពជាអស្ចារ្យចម្លែក ទោះបីសេះក្តី ដំរីក្តី ដែលកាចសាហាវ គេពុំអាចទូន្មានបាន ព្រះរាជកុមារគ្រាន់តែយកម្រាមព្រះហស្តមួយចង្អុយប៉ុណ្ណោះ ក៏ទ្រោមចុះឥតមានពុតកំណាចអ្វីឡើយ ហេតុនេះហើយ ទើបព្រះរាជវង្សថ្វាយព្រះនាមថា “ វត្តង្គុលីរាជកុមារ ” ។
          លុះអំណើះពីព្រះវររាជបិតាទៅ វត្តង្គុលីរាជកុមារបានឡើងគ្រងរាជ្យសម្បត្តិជាតំណតមក ។ ទ្រង់ប្រកបដោយទសពិធរាជធម៌ទ្រង់បានគ្រប់គ្រងរក្សាអាណាប្រជានុរាស្រ្តដោយសង្គហវត្ថុ ៤ យ៉ាងពុំបាច់ប្រើអាជ្ញាឡើយ ទ្រង់ជាធម្មិករាជ ទ្រង់បានសង់សាលាទាន ៦ ចំណាយព្រះរាជទ្រព្យជាទានដល់ស្មូមយាចកទាំងឡាយរាល់ ៗ ថ្ងៃ ។  ប្រជាជនក៏មានសេចក្តីសប្បាយរីករាយស្រុកទេសមានសន្តិសុខទូទៅ ។ ការសម្បូណ៌សប្បាយ និងសេចក្តីសប្បុរសមនុស្សធម៌នេះ ក៏បានជ្រួតជ្រាបដល់ស្តេចទាំង ១០១ ក្នុងជម្ពូទ្វីប ។ ស្តេចទាំងនោះប្រជុំប្រឹក្សាគ្នា លើកទ័ពចំនួនយោធា ១៨ អក្ខោភិនីមកប្រុងប្រយុទ្ធដណ្តើមយកក្រុងពារាណសីនៃព្រះបាទវត្តង្គុលីរាជ ហើយបានបញ្ជូនរាជទូតឲ្យនាំរាជសារទៅក្រុងពារាណសីថា “ សុខចិត្តប្រគល់រាជសម្បត្តិឲ្យយើង ឬចេញច្បាំងតទល់គ្នាយកចាញ់ឈ្នះ ” ។
          ព្រះបាទវត្តង្គុលីរាជ ទ្រង់បានជ្រាបហើយ ឥតមានព្រះទ័យតក់ស្លុតសោះឡើយ ហើយទ្រង់ត្រឡប់ជាមានព្រះហឫទ័យអង់អាចក្លាហានដូចរាជសីហ៍ ហើយត្រាស់សួររាជទូតនោះថា “ ស្តេចទាំងនោះ មានពួកពលសេនាទាហានចំនួនប៉ុន្មាន ដែលមានបំណងមកធ្វើសង្គ្រាមជាមួយនឹងយើងនេះ ? ” ។ រាជទូតក្រាបទូលថា  មានចំនួនពលទាំងអស់ ១៨ អក្ខោភិនី បានប្រុងត្រៀមចាំជាស្រេច ។
          គ្រានោះ ពួកសហជាតអាមាត្យបានក្រាបទូលព្រះអង្គថា “ សូមទ្រង់ព្រះមេត្តា ប្រោស យើងខ្ញុំទូលព្រះបង្គំទាំងអស់គ្នា សុទ្ធតែជាអ្នកមានកម្លាំងស្ទាត់ជំនាញក្នុងសង្គ្រាម ក្លាហានអង់អាច សូមទទួលយកអាសាព្រះអង្គ ចេញចាប់ស្តេចទាំង ១០១ និងពួកពលសេនាទាហានទាំងអស់ សូមព្រះរាជទានព្រះរាជានុញ្ញាត ” ។
          ព្រះបាទវត្តង្គុលីរាជ មានព្រះរាជឱង្ការថា “ យើងសូមអរគុណអ្នកទាំងអស់គ្នា ប៉ុន្តែណ្ហើយចុះ អ្នកទាំងឡាយកុំច្បាំងឡើយ តែច្បាំងទៅហើយមុខជាស្តេចទាំង ១០១ និងពួកពលសេនា និងវិនាសអន្តរាយពុំខាន ខ្ញុំគ្រាន់តែសូមឲ្យអ្នកទាំងឡាយតាមហែខ្ញុំតាមដំណើរប្រក្រតី ខ្ញុំនឹងជិះដំរីទៅដេញបង្អើលកងទ័ពទាំងនោះឲ្យខ្ចាត់ខ្ចាយអស់ទៅ ដោយគ្រាន់តែប្រើចង្អុលម្រាមមួយប៉ុណ្ណោះ អ្នកទាំងឡាយកុំព្រួយបារម្ភឡើយ ” ។
          លុះបានឫក្សពារពេលាល្អ ព្រះរាជាឡើងគង់លើខ្នងដំរីសឹកមានអាមាត្យសហជាតតាមហែហមព្រះអង្គ តាមដំណើរជាប្រក្រតីធម្មតា ព្រមទាំងភ្លេងតូរ្យតន្រ្តីផ្សេង ៗ ព្រះចក្រីយាងចេញតាមទ្វារទិសខាងកើត បានទតឃើញចតុរង្គសេនារបស់ខ្មាំងច្រើនណាស់ ណែនណាន់តាន់តាប់ ច្រើនស្រទាប់ជាប់ ៗ បន្តគ្នា មានឧបមាដូចរលកទឹកមហាសមុទ្ររកទីបំផុតគ្មាន ។ ព្រះពោធិសត្វគ្រាន់តែលើកម្រាមព្រះហស្ត ១ ចង្អុលទៅពួកខ្មាំងទាំងនោះ ។ កាលណោះ ការណ៍អស្ចារ្យក៏កើតឡើងជាក់ស្តែង ស្រាប់តែពួកពលដំរី ធ្លាក់ពីលើខ្នងដំរី ពលសេះធ្លាក់ពីខ្នងសេះ ពលរងធ្លាក់ពីលើរថ ពលថ្មើរជើងដាក់មេផាយនាំគ្នារត់ខ្ចាត់ខ្ចាយអស់ទៅ ។ ព្រះរាជាទ្រង់ទតឃើញដូច្នោះ ក៏មានព្រះរាជហឫទ័យអាណិតអាសូរណាស់ ទ្រង់ត្រាស់ខ្លាំង ៗ ថា “ ចូរអ្នកទាំងឡាយនាំគ្នាក្រោកឡើងចុះ កុំបីភិតភ័យព្រួយបារម្ភអីឡើយ ” ។ ស្តេចទាំងនោះ ក៏នាំគ្នាក្រោកឡើង លើកដៃប្រណម្យ សូមទោស សូមជីវិត សូមថ្វាយរាជសម្បត្តិដល់ព្រះអង្គ ។ ព្រះបាទវត្តង្គុលីរាជ ទ្រង់បានទូន្មានប្រដៅស្តេចទាំងនោះ ឲ្យឋិតនៅក្នុងសន្តិភាពដោយប្រពៃហើយ ទើបទ្រង់បញ្ជូនក្សត្រទាំងនោះ ឲ្យត្រឡប់ទៅកាន់រាជធានីរៀង ៗ ខ្លួន ។
          ព្រះនរបតី ស្តេចត្រឡប់ចូលព្រះរាជនិវេសន៍ ដោយសិរីសួស្តី និងជោគជ័យដ៏ខ្ពង់ខ្ពស់ ។ ឯក្សត្រទាំង ១០១ អង្គបាននាំគ្នាយកគ្រឿងរាជបណ្តាការផ្សេង ៗ មកថ្វាយព្រះបាទវត្តង្គុលីរាជ ដោយក្តីស្វាមីភក្តិ ។ ព្រះចក្រីតែងទ្រង់ព្រះរាជទានព្រះរាជទ្រព្យផ្សេង ៗ ដល់ស្មូមយាចកទាំងឡាយ ទ្រង់ប្រកបដោយទសពិធរាជធម៌តាមរាជប្រពៃណីនៃព្រះមហាក្សត្រអំពីបុរាណ ទ្រង់ជារាជាធិរាជក្នុងសកលជម្ពូទ្វីប ទ្រង់មានចេស្តាបារមីល្បីល្បាញទូទៅ ។ ស្តេចក្នុងសកលជម្ពូទ្វីប ក៏ឋិតនៅក្នុងឱវាទរបស់ព្រះអង្គដោយគោរពស្មោះត្រង់ទូទៅ ។
          អ្នកនិពន្ធបានបញ្ជាក់ថា ម្រាមដ៏មានឫទ្ធិយ៉ាងអស្ចារ្យ របស់ព្រះបាទវត្តង្គុលីរាជនោះ កើតឡើងដោយអានិសង្សនៃការកសាងម្រាមព្រះហស្តនៃព្រះពុទ្ធបដិមាពីបុព្វជាតិរបស់ព្រះអង្គ ។

( ដកស្រង់ចេញពីសៀវភៅ បញ្ញាសជាតក ទំព័រ ១០៩ )

រឿង សត្វក្អែកការកូន


          សេចក្តីដំណាលថាៈ មានស្តេចក្អែកមួយ នៅអាស្រ័យលើចុងត្នោតយ៉ាងខ្ពស់ ។ ថ្ងៃមួយក្អែកនេះ ក៏បានប្រុងរៀបចំការកូន ឲ្យមានគូស្រករ ។ ស្តេចក្អែកក៏ចាត់ឲ្យពួកពលខ្លះហើរហៅភ្ញៀវសត្វទាំងអស់មកស៊ីការ ចាត់ពលខ្លះទៀត ឲ្យហើររកចំណី ផ្លែឈើ ស្រូវអង្ករ ត្រីសាច់គ្រប់មុខទាំងអស់ ដើម្បីយកមករៀបចំទទួលភ្ញៀវសត្វ ។ លុះដល់ថ្ងៃកំណត់រៀបចំផ្សំផ្គុំកូនប្រុស ស្រីទាំងពីរហើយ ពពួកសត្វទាំងអស់ដែលស្តេចក្អែកបានអញ្ជើញ បានមកជួបជុំយ៉ាងគគ្រឹកគគ្រេង ស៊ីផឹកសប្បាយស្រែកហ៊ោកញ្រ្ជៀវលាន់ទ្រហឹងពេញព្រៃ ។ និយាយពីសត្វអណ្តើកដែលស្តេចក្អែកបានអញ្ជើញដែរ ក៏ខំវារកខ្វេសកខ្វាយទៅនឹងគេដែរ តែដោយហេតុជើងគាត់ខ្លីពេកក៏មកដល់ក្រោយគេ ។ លុះទៅដល់ដើមត្នោតដកកមើលទៅលើ ឃើញពពួកសត្វគេស៊ីផឹកអ៊ូរ អយ៉ាងក្រៃលែង ក៏នឹកឃ្លានស្រក់ទឹកមាត់ មិនដឹងគិតធ្វើម្តេចនឹងឡើងទៅលើចុងត្នោតបាន ។ ពេលនោះស្រាប់តែមានពស់មួយលូនមកដល់ អណ្តើកក៏សួរទៅពស់ថាៈ បងពស់ទៅណាដែរ ? ពស់ឆ្លើយថាៈ ខ្ញុំទៅស៊ីការកូនបងក្អែក ។ ចុះបងអណ្តើកឯងមកទីនេះធ្វើអីដែរ ? ខ្ញុំបម្រុងនឹងទៅស៊ីការកូនបងក្អែកដែរ ។ ពស់ថាៈ បើដូច្នោះចូរបងអណ្តើកឯងខាំកន្ទុយខ្ញុំមក ខ្ញុំនឹងលូនយោងឡើងទៅលើ តែសូមប្រយ័ត្នមាត់កបន្តិច ។ អណ្តើកត្រេកអរណាស់ក៏ខាំកន្ទុយពស់ភ្លាម ពស់ក៏លូនឡើងទៅលើចុងត្នោត ។ លុះទៅដល់កត្នោត ស្តេចក្អែកក្រឡេកមើលឃើញអណ្តើក ក៏ស្រែកសួរជាការគួរសមថាៈ យី ! បងអណ្តើកអញ្ជើញមកដែរ ? អណ្តើកភ្លេចខ្លួនឆ្លើយទទួលនឹងពាក្យគួរសមនេះវិញថា “ បាទ ! ” មួយរំពេចនោះ អណ្តើកក៏របូតមាត់អំពីកន្ទុយពស់ ធ្លាក់ខ្ពោកមកដល់ដីបណ្តាលឲ្យខ្ទាំស្នូកនៅជាប់ស្នាមរហូតមកដល់សព្វថ្ងៃនេះឯង ។ ចំណីម្ហូបអា ហារដែលប្រុងនឹងបានស៊ីក៏ខានបានស៊ី ថែមទាំងមានគ្រោះថ្នាក់ដល់ស្រាំស្នូកទៀត ។ ហេតុនេះ ហើយបានជាមានពាក្យចាស់តែងនិយាយឲ្យមនុស្សដែលគេហៅទៅជប់លៀង ឬបរិភោគអាហារក្នុងពិធីអ្វីមួយ, មនុស្សដែលគេហៅនោះទៅពុំទាន់ពេល ម្ហូបអាហារក៏អស់ទៅ លុះមនុស្សនោះទៅដល់ក្រោយគេ ៗ ច្រើននិយាយឲ្យថាៈ មនុស្សមាត់អណ្តើក ។

(ដកស្រង់ចេញពីសៀវភៅ ប្រជុំរឿងព្រេងខ្មែរភាគ ៧ ទំព័រ ៤៧)

រឿង សត្វឥន្រ្ទី និងក្រពើដណ្តើមដំរីគ្នាស៊ី


          មាននិទា​នមួយថាៈ មានសត្វឥន្រ្ទីមួយនៅលើកោះ កណ្តាលសមុទ្រហើយមានក្រពើមួយធ្វើរូងនៅកោះនោះផង ។ សត្វឥន្រ្ទីនោះតែងទៅឆាបដំរីអំពីត្រើយសមុទ្រយកមកឆី នៅខាងរូងក្រពើនោះជាប្រក្រតី ។ ថ្ងៃមួយ ក្រពើមើលយល់ឥន្រ្ទីពាំដំរី និងឆីហើយ ក្រពើនោះគិតគ្នាន់ក្នុងចិត្តថា “ អញនឹងដណ្តើមសាច់ដំរីអំពីឥន្រ្ទីឆី ។ លុះឥន្រ្ទីពាំដំរីមកដាក់ដល់ឋានដែលធ្លាប់តែបរិភោគរៀងរាល់ថ្ងៃនោះ ក្រពើនោះវារចេញអំពីរូងឡើងទៅរកឥន្រ្ទីហើយសួរថា “ ម្នាលឥន្រ្ទី ! ម្តេចក៏ព្រះស្តែងមកលួចសាច់ដំរីជាអាហារអញ ? ” ។ ឥន្រ្ទីឆ្លើយថា “ ដំរីនេះអញឆាបយកមកអំពីត្រើយសមុទ្រជាប្រាកដទើបតែមកអម្បាញមិញនេះឯង ម្តេចក៏ព្រះស្តែងថាអញលួចអាហារព្រះស្តែង ? ។ ក្រពើ និងឥន្រ្ទីវិវាទគ្នា ប្រាថ្នាចង់បានសាច់ដំរីទៅវិញទៅមក ពុំដាច់ស្រេចឡើយ ទើបនាំគ្នាទៅប្តឹងពោធិសត្វជាតាបសនៅទីនោះ ។ ក្រពើ និងឥន្រ្ទីប្តឹងដោយដំណើរទីទៃ ៗ ។ ក្រពើថា “ ខ្ញុំខាំដំរីនឹងឆីនៅខាងរូងលំនៅខ្ញុំ ឥន្រ្ទីនេះមកដណ្តើមសាច់ដំរី នឹងយកឆីជាអាហារវា ” ។ ឥន្រ្ទីថា “ ដំរីនេះខ្ញុំឆាបអំពីត្រើយសមុទ្រជាប្រាកដទើបតែមក ដល់ ខ្ញុំគិតនឹងឆី ស្រាប់តែក្រពើនេះវាវារឡើងអំពីរូងទៅថា “ ខ្ញុំលួចចំណីអាហារវា ” ទាំងនេះសូមព្រះអង្គពិចារណាឲ្យខ្ញុំហោង ” ។ ទើបតាបសមកមើលដល់ទីកន្លែងដំរីឃើញតែស្នាមក្រចកឥន្រ្ទី ពុំឃើញចង្កូមក្រពើនោះឡើយ ព្រះអង្គយកក្រចកឥន្រ្ទីមកផ្ទាប់មើលយល់ថាមែន ។ តាបសថា “ ឥន្រ្ទីយល់ថាមានសាក្សីមែនពិត, ឯក្រពើឥតសាក្សីអ្វីឡើយ ” ទើបកាត់សេចក្តីនោះឲ្យក្រពើចាញ់ឥន្រ្ទី ។ តាបសកាត់សេចក្តីដូច្នេះ ហៅថាសុគតិគមនំហោង ។
(ដកស្រង់ចេញពីសៀវភៅ ប្រជុំរឿងព្រេងខ្មែរ ភាគ ៣)

រឿង សិរិចូឌាមណី


(សេចក្តីសង្ខេប)
          ក្នុងអតីតកាល កន្លងមកយូរអង្វែងហើយនោះ មានព្រះមហាក្សត្រាធិរាជមួយព្រះអង្គ ព្រះនាមសិរិចូឌាមណី សោយរាជ្យនៅក្នុងពារាណសី មហេសីព្រះនាម បទុមវតី ជាស្រីគ្រប់លក្ខណ៍ ព្រះរាជបុត្រា ព្រះនាមចន្ទកុមារ ។

រឿង សិរីធរ


(សេចក្តីសង្ខេប)
          កាលពីព្រេងនាយ កន្លងយូរអង្វែងហើយនោះ មានព្រះរាជាមួយព្រះអង្គទ្រង់ព្រះនាមព្រះបាទព្រហ្មទត្ត គ្រងរាជសម្បត្តិនៅក្រុងពារាណសី ។ នៅទីក្រុងនេះមានសេដ្ឋីម្នាក់ឈ្មោះ សិរីធរ សេដ្ឋីនេះមានចិត្តសប្បុរសធ្វើទានរក្សាសីលជានិច្ច ។

រឿង សុទស្សនមហារាជ


(សេចក្តីសង្ខេប)
          មានសេចក្តីដំណាលថា កាលពីក្នុងអំឡុងពុទ្ធសាសនាព្រះពុទ្ធកស្សបនោះ ព្រះពោធិសត្វយើង បានទៅចាប់កំណើតក្នុងត្រកូលសេដ្ឋីក្នុងក្រុងពារាណសី មានសេចក្តីជ្រះថ្លាចំពោះព្រះថេរៈមួយអង្គដែលគង់នៅក្នុងព្រៃ ហើយបានធ្វើបណ្ណសាលា ទីចង្រ្កមន៍ ជីកអណ្តូង ជម្រះស្មៅ រោយរាយដីខ្សាច់ដោយជុំវិញទីអាស្រមបូជាដោយទៀនធូប និងភ្ញីផ្កាជាដើម ហើយត្រឡប់ទៅទីលំនៅអាត្មាវិញ ។ ចាប់តាំងអំពីថ្ងៃនោះមក អ្នកបានផ្គត់ផ្គង់ទំនុកបំរុងព្រះថេរៈអង្គនោះ ដោយត្រ័យចីវរចង្ហាន់ ព្រមទាំងឈើច្រត់, ពាងទឹក, គោមចង្កៀង, គ្រែតាំង, កម្រាល និងបញ្ចគោរស សព្វគ្រប់ ។

រឿង សេដ្ឋី ៣ នាក់នៅទិសទាំង ៣


          មាននិទានមួយដំណាលថាៈ នៅក្នុងស្រុកមួយមានសេដ្ឋី ៣ នាក់ ។ សេដ្ឋីមួយនៅទិសខាងកើត សេដ្ឋីមួយនៅទិសកណ្តាល សេដ្ឋីមួយទៀតនៅទិសខាងលិច ។ សេដ្ឋីនៅកណ្តាលមានកូនក្រមុំមួយរូបឆោមល្អល្អះ, សេដ្ឋីនៅទិសខាងលិច ចាត់ចែងបណ្តាការឲ្យមនុស្សទៅដណ្តឹងកូនក្រមុំសេដ្ឋីនោះ ចួនជាថ្ងៃដែលទៅដណ្តឹងនោះ សេដ្ឋីជាឪពុកមិននៅ ៗ តែម្តាយ ៗ ក៏ស្រុះស្រួលឲ្យកូនទៅសេដ្ឋីនៅទិសខាងលិច ។

រឿង ស្រី ២ នាក់ឈ្លោះដណ្តើមធ្មេញឈើ


          មាននិទានមួយថាៈ  មានស្រី ២ នាក់ ស្រីម្នាក់ម្តាយឈឺធ្ងន់ បីម្តាយដាក់លើភ្លៅ យកទឹកក្បិតមុខ ទើបម្តាយដឹងខ្លួន ។ ស្រីម្នាក់ទៅសួរជួលធ្វើធ្មេញឈើ ។ ស្រីម្តាយឈឺធ្ងន់ថា “ ធ្មេញឈើមាន តែឥតអ្នកណាទៅយកឲ្យ ព្រោះអញរវល់នឹងម្តាយឈឺធ្ងន់ ” ។ ស្រីដែលចង់បានធ្មេញឈើនោះថា “ បើអញជួលនាងតើបានឬទេ ? ” ។

រឿង ស្រី ៤ នាក់ដណ្តើមចោរធ្វើប្តី


        មាននិទានមួយថាៈ មានស្រី ៤ នាក់បានឃើញចោរម្នាក់ដែលព្រះមហាក្សត្រទ្រង់ត្រាស់បង្គា​ប់ឲ្យរាជបុរសដោតនៅត្រង់ទ្វារបន្ទាយ, ប៉ុន្តែមិនទាន់ស្លាប់ ទើ់បស្រីទាំង ៤ នាក់គិតព្រមព្រៀងគ្នាចូលទៅសូមសោះចោរនោះ អំពីព្រះមហាក្សត្រ ព្រះអង្គទ្រង់ព្រះរាជានុញ្ញាតឲ្យលោះយកចោរនោះ តែទ្រង់ឲ្យយកមាសមួយពាន់ដម្លឹងដាក់ឃ្លាំង ។ ឯស្រី ៣ នាក់គ្មានមាសថ្វាយ មានតែស្រីម្នាក់មានមាសមួយពាន់ដម្លឹងថ្វាយជាថ្លៃចោរ ។ លោះរួចជ្រះស្រឡះហើយយកចោរនោះមកនៅផ្ទះជាមួយគ្នា, ស្រីម្នាក់ខំសង្វាតដេកឱបក្រុងរក្សាមើលដុសលាងខ្ទុះសំអុយសព្វថ្ងៃ, ស្រីម្នាក់ខំសង្វាតរកស៊ីលក់ដូរយកប្រាក់មកចិញ្ចឹម ។

រឿង ស្រ្តីមានសហាយ ៗ ស្លាប់


          មាននិទានមួយថាៈ មានបុរសម្នាក់ និងស្រ្តីម្នាក់ជាស្មន់អន្ធករផងគ្នា លួចទៅមករកគ្នា ម្តាយឪពុកពុំដឹងឡើយ ។ មានកាលមួយថ្ងៃ ខ្លែងឆាបពស់វែកឆី វាហើរមកជ្រុះពស់លើដំបូនផ្ទះស្រីនោះ ។ ក្នុងរាត្រីនោះឯង បុរសនោះទៅកាន់ផ្ទះមេស្មន់អន្ធករ គាប់ជួនភ្លៀងធំ បុរសនោះស្រេកទឹកប្រើមេស្មន់អន្ធករទៅសិតទឹកឲ្យ ។

រឿង អន្ទង់វែងឆ្នាំងវែង


          ក្នុងកាលកន្លងទៅហើយ មានមនុស្សពីរនាក់ ជាប្តីប្រពន្ធ។ ថ្ងៃមួយ ប្តីចេញទៅរកអន្ទង់ ដើម្បីជាអាហារ បានអន្ទង់ ១ យកមកប្រគល់ឲ្យប្រពន្ធ ប្រាប់ថា “ ចូរឯងយកអន្ទង់នេះទៅស្លស៊ី ” ។ ប្រពន្ធឆ្លើយថា “ ចុះបើអន្ទង់នេះវែងម្ល៉េះ បានឆ្នាំងវែងពីណានឹងយកមកស្ងោរអន្ទង់នេះបាន? ” ។ ប្តីឮហើយ នឹកក្នុងចិត្តថា “ ប្រពន្ធអញល្ងង់អ្វីម្ល៉េះ! ”  ហើយប្រាប់ប្រពន្ធថា “ បើឯងរកឆ្នាំងវែងពុំបានទេ ឯងយកអន្ទង់នេះទៅព្យួរទុកទៅ! ” ។ ប្រពន្ធក៏យកអន្លង់នេះទៅព្យួរទុក ហើយគេចទៅដេកបំបៅកូនក្នុងមុងទៅ។ ប្តីក៏យកអន្លង់មកកាប់ចិញ្ច្រាំ ហើយយកឆ្នាំងមកដាក់ស្ល-កកូរ, លុះឆ្អិន ក៏ដោះដួស រួចហៅប្រពន្ធមកឲ្យស៊ី ៗ ស៊ីរួចលាងចានទុក តែសម្លអន្លង់នោះសល់បន្តិចនៅបាតឆ្នាំង, ប្តីមិនលាងឆ្នាំងនោះទេ ហើយចេញទៅព្យួរស្រែបាត់ទៅ ។

រឿង បុរស ២ នាក់ រែកស្រូវ

មាននិទានមួយថាៈ មានបុរស ២ នាក់ ម្នាក់រែកពូជស្រូវធ្ងន់ ម្នាក់រែកពូជស្រូវ ស្រាល ហើយម្នាក់រែកដើរទៅពីអាយ ម្នាក់រែកដើរមកពីនាយ ប្រទះគ្នានៅលើស្ពាន ១ ពុំព្រមចៀសគ្នា ប្រចាប់ចំបាប់គ្នាកំពប់ខ្ចាយស្រូវអស់ ហើយនាំគ្នាទៅប្តឹងចៅក្រម ៗ យល់ថាកំពប់ខ្ចាយស្មើគ្នានឹងជំនុំជម្រះកាត់សេចក្តីឲ្យពុំបាន ហើយក៏នាំដំណើរ​នោះទៅក្រាបបង្គំទូលព្រះមហាក្សត្រ ។ ព្រះរាជាមានព្រះបន្ទូលដណ្តឹងសួរទៅចៅ ១ ថា “ ស្រូវពូជព្រះស្តែងតើស្រូវអ្វី ជាស្រូវធ្ងន់ ឬស្រូវស្រាល ? ” ។ ចៅនោះក្រាបទូលថា “ ស្រូវ ធ្ងន់ ” ។ ទើបទ្រង់សួរទៅចៅម្ខាងទៀតថា “ ចុះពូជស្រូវព្រះស្តែង ជាស្រូវស្រាល ឬស្រូវ ធ្ងន់ ? ” ។ បុរសនោះក្រាបបង្គំទូលថា “ ស្រូវស្រាល ” ។ ព្រះមហាក្សត្រទ្រង់ត្រាស់បង្គាប់ថា “ អ្នករែកពូជស្រូវធ្ងន់ត្រូវសងអ្នករែកពូជស្រូវស្រាល ត្បិតអ្នករែកពូជស្រូវ ស្រាល គេប្រញាប់យកទៅសាបព្រោះឲ្យបានស៊ីឆាប់ទាន់មាត់ ឯស្រូវធ្ងន់នឹងបង្អង់យូរទៅទៀតក៏បាន ” ។ ចៅទាំង ២ នាក់ ក៏ព្រមហើយក្រាបបង្គំលាទៅកាន់ទីលំនៅទីទៃ ៗ ហោង ។


(ដកស្រង់ចេញពីសៀវភៅ ប្រជុំរឿងព្រេងខ្មែរភាគ ៣ ទំព័រ ១០៧)