សេចក្តីដំណាលថាៈ មានស្តេចក្អែកមួយ
នៅអាស្រ័យលើចុងត្នោតយ៉ាងខ្ពស់ ។ ថ្ងៃមួយក្អែកនេះ ក៏បានប្រុងរៀបចំការកូន
ឲ្យមានគូស្រករ ។ ស្តេចក្អែកក៏ចាត់ឲ្យពួកពលខ្លះហើរហៅភ្ញៀវសត្វទាំងអស់មកស៊ីការ
ចាត់ពលខ្លះទៀត ឲ្យហើររកចំណី ផ្លែឈើ ស្រូវអង្ករ ត្រីសាច់គ្រប់មុខទាំងអស់
ដើម្បីយកមករៀបចំទទួលភ្ញៀវសត្វ ។ លុះដល់ថ្ងៃកំណត់រៀបចំផ្សំផ្គុំកូនប្រុស
ស្រីទាំងពីរហើយ ពពួកសត្វទាំងអស់ដែលស្តេចក្អែកបានអញ្ជើញ
បានមកជួបជុំយ៉ាងគគ្រឹកគគ្រេង ស៊ីផឹកសប្បាយស្រែកហ៊ោកញ្រ្ជៀវលាន់ទ្រហឹងពេញព្រៃ ។
និយាយពីសត្វអណ្តើកដែលស្តេចក្អែកបានអញ្ជើញដែរ ក៏ខំវារកខ្វេសកខ្វាយទៅនឹងគេដែរ
តែដោយហេតុជើងគាត់ខ្លីពេកក៏មកដល់ក្រោយគេ ។ លុះទៅដល់ដើមត្នោតដកកមើលទៅលើ
ឃើញពពួកសត្វគេស៊ីផឹកអ៊ូរ អយ៉ាងក្រៃលែង ក៏នឹកឃ្លានស្រក់ទឹកមាត់
មិនដឹងគិតធ្វើម្តេចនឹងឡើងទៅលើចុងត្នោតបាន ។ ពេលនោះស្រាប់តែមានពស់មួយលូនមកដល់
អណ្តើកក៏សួរទៅពស់ថាៈ បងពស់ទៅណាដែរ ? ពស់ឆ្លើយថាៈ ខ្ញុំទៅស៊ីការកូនបងក្អែក ។
ចុះបងអណ្តើកឯងមកទីនេះធ្វើអីដែរ ? ខ្ញុំបម្រុងនឹងទៅស៊ីការកូនបងក្អែកដែរ ។ ពស់ថាៈ
បើដូច្នោះចូរបងអណ្តើកឯងខាំកន្ទុយខ្ញុំមក ខ្ញុំនឹងលូនយោងឡើងទៅលើ
តែសូមប្រយ័ត្នមាត់កបន្តិច ។ អណ្តើកត្រេកអរណាស់ក៏ខាំកន្ទុយពស់ភ្លាម
ពស់ក៏លូនឡើងទៅលើចុងត្នោត ។ លុះទៅដល់កត្នោត ស្តេចក្អែកក្រឡេកមើលឃើញអណ្តើក
ក៏ស្រែកសួរជាការគួរសមថាៈ យី ! បងអណ្តើកអញ្ជើញមកដែរ ?
អណ្តើកភ្លេចខ្លួនឆ្លើយទទួលនឹងពាក្យគួរសមនេះវិញថា “ បាទ ! ” មួយរំពេចនោះ
អណ្តើកក៏របូតមាត់អំពីកន្ទុយពស់ ធ្លាក់ខ្ពោកមកដល់ដីបណ្តាលឲ្យខ្ទាំស្នូកនៅជាប់ស្នាមរហូតមកដល់សព្វថ្ងៃនេះឯង
។ ចំណីម្ហូបអា ហារដែលប្រុងនឹងបានស៊ីក៏ខានបានស៊ី
ថែមទាំងមានគ្រោះថ្នាក់ដល់ស្រាំស្នូកទៀត ។ ហេតុនេះ ហើយបានជាមានពាក្យចាស់តែងនិយាយឲ្យមនុស្សដែលគេហៅទៅជប់លៀង
ឬបរិភោគអាហារក្នុងពិធីអ្វីមួយ, មនុស្សដែលគេហៅនោះទៅពុំទាន់ពេល ម្ហូបអាហារក៏អស់ទៅ
លុះមនុស្សនោះទៅដល់ក្រោយគេ ៗ ច្រើននិយាយឲ្យថាៈ មនុស្សមាត់អណ្តើក ។
(ដកស្រង់ចេញពីសៀវភៅ
ប្រជុំរឿងព្រេងខ្មែរភាគ ៧ ទំព័រ ៤៧)