Latest Movie :

រឿង វត្តង្គុលីរា


( សេចក្តីសង្ខេប )
          ក្នុងកាលកន្លងមកយូរអង្វែងហើយនោះ មានពាណិជម្នាក់ឈ្មោះកុលភទ្ទកុមារនៅក្នុងនគរអមរវតី ។ ថ្ងៃមួយ កុលភទ្ទកុមារពាណិជ បានបរទេះទៅកាន់នគរផ្សេងទៀត ដើម្បីជួញជាមួយពាណិជបរទេះដូចគ្នា ប្រមាណមួយពាន់នាក់ កំពុងតែបរទេះតាមផ្លូវ ស្រាប់តែអ្នកប្រទះឃើញព្រះពុទ្ធបដិមាមួយអង្គដែលគេបានសាងពីដីស្អិត ក្នុងទីអារាមមួយដែលគេតាំងនៅក្នុងព្រៃក្បែរផ្លូវរទេះ ។ ព្រះពុទ្ធបដិមានោះ បាក់ម្រាមព្រះហស្តមួយ ទើបព្រះពោធិសត្វបានច្របាច់ដីស្អិតលាយនឹងប្រេងល្ង តម្រាមព្រះហស្តព្រះពុទ្ធមដិមានោះ ឲ្យបានពេញលេញដូចដើមវិញ ហើយអ្នកបានបូជាដោយទៀនធូប និងកម្រងផ្កាជាដើម ចំណាយទ្រព្យប្រាំបីកហាបណៈប្រគល់ឲ្យទាសីម្នាក់ថែរក្សា ជាតម្លៃគ្រឿងសក្ការបូជាផ្សេង ៗ អ្នកតាំងសេចក្តីប្រាថ្នាថា “ សូមកុំឲ្យសត្រូវទាំងឡាយមានមកចំពោះមុខខ្ញុំបានឡើយ ដោយអានិសង្សនៃការកសាងម្រាមព្រះហស្តនេះ នៅជាតិជាទីបំផុត ខ្ញុំសូមឲ្យបានត្រាស់ជាព្រះពុទ្ធ ១ អង្គស្រោចស្រង់សត្វលោក ”។
          ព្រះពោធិសត្វប្រកបជីវភាពរបស់ខ្លួន ប្រកបដោយសេចក្តីសុខក្សេមក្សាន្តដរាបដល់អស់អាយុ បានទៅកើតក្នុងឋានសួគ៌ទេវលោក លុះអស់អាយុបានមកចាប់បដិសន្ធិក្នុងឧទរនៃអគ្គមហេសី នៃព្រះបាទក្រុងពារាណសី ព្រះនាងទ្រង់គភ៌គ្រប់ទសមាសហើយ ប្រសូតព្រះរាជបុត្រប្រកបដោយលក្ខណៈប្រសើរ ។ លុះព្រះកុមារចំរើនវ័យឡើង ទ្រង់មានអនុភាពជាអស្ចារ្យចម្លែក ទោះបីសេះក្តី ដំរីក្តី ដែលកាចសាហាវ គេពុំអាចទូន្មានបាន ព្រះរាជកុមារគ្រាន់តែយកម្រាមព្រះហស្តមួយចង្អុយប៉ុណ្ណោះ ក៏ទ្រោមចុះឥតមានពុតកំណាចអ្វីឡើយ ហេតុនេះហើយ ទើបព្រះរាជវង្សថ្វាយព្រះនាមថា “ វត្តង្គុលីរាជកុមារ ” ។
          លុះអំណើះពីព្រះវររាជបិតាទៅ វត្តង្គុលីរាជកុមារបានឡើងគ្រងរាជ្យសម្បត្តិជាតំណតមក ។ ទ្រង់ប្រកបដោយទសពិធរាជធម៌ទ្រង់បានគ្រប់គ្រងរក្សាអាណាប្រជានុរាស្រ្តដោយសង្គហវត្ថុ ៤ យ៉ាងពុំបាច់ប្រើអាជ្ញាឡើយ ទ្រង់ជាធម្មិករាជ ទ្រង់បានសង់សាលាទាន ៦ ចំណាយព្រះរាជទ្រព្យជាទានដល់ស្មូមយាចកទាំងឡាយរាល់ ៗ ថ្ងៃ ។  ប្រជាជនក៏មានសេចក្តីសប្បាយរីករាយស្រុកទេសមានសន្តិសុខទូទៅ ។ ការសម្បូណ៌សប្បាយ និងសេចក្តីសប្បុរសមនុស្សធម៌នេះ ក៏បានជ្រួតជ្រាបដល់ស្តេចទាំង ១០១ ក្នុងជម្ពូទ្វីប ។ ស្តេចទាំងនោះប្រជុំប្រឹក្សាគ្នា លើកទ័ពចំនួនយោធា ១៨ អក្ខោភិនីមកប្រុងប្រយុទ្ធដណ្តើមយកក្រុងពារាណសីនៃព្រះបាទវត្តង្គុលីរាជ ហើយបានបញ្ជូនរាជទូតឲ្យនាំរាជសារទៅក្រុងពារាណសីថា “ សុខចិត្តប្រគល់រាជសម្បត្តិឲ្យយើង ឬចេញច្បាំងតទល់គ្នាយកចាញ់ឈ្នះ ” ។
          ព្រះបាទវត្តង្គុលីរាជ ទ្រង់បានជ្រាបហើយ ឥតមានព្រះទ័យតក់ស្លុតសោះឡើយ ហើយទ្រង់ត្រឡប់ជាមានព្រះហឫទ័យអង់អាចក្លាហានដូចរាជសីហ៍ ហើយត្រាស់សួររាជទូតនោះថា “ ស្តេចទាំងនោះ មានពួកពលសេនាទាហានចំនួនប៉ុន្មាន ដែលមានបំណងមកធ្វើសង្គ្រាមជាមួយនឹងយើងនេះ ? ” ។ រាជទូតក្រាបទូលថា  មានចំនួនពលទាំងអស់ ១៨ អក្ខោភិនី បានប្រុងត្រៀមចាំជាស្រេច ។
          គ្រានោះ ពួកសហជាតអាមាត្យបានក្រាបទូលព្រះអង្គថា “ សូមទ្រង់ព្រះមេត្តា ប្រោស យើងខ្ញុំទូលព្រះបង្គំទាំងអស់គ្នា សុទ្ធតែជាអ្នកមានកម្លាំងស្ទាត់ជំនាញក្នុងសង្គ្រាម ក្លាហានអង់អាច សូមទទួលយកអាសាព្រះអង្គ ចេញចាប់ស្តេចទាំង ១០១ និងពួកពលសេនាទាហានទាំងអស់ សូមព្រះរាជទានព្រះរាជានុញ្ញាត ” ។
          ព្រះបាទវត្តង្គុលីរាជ មានព្រះរាជឱង្ការថា “ យើងសូមអរគុណអ្នកទាំងអស់គ្នា ប៉ុន្តែណ្ហើយចុះ អ្នកទាំងឡាយកុំច្បាំងឡើយ តែច្បាំងទៅហើយមុខជាស្តេចទាំង ១០១ និងពួកពលសេនា និងវិនាសអន្តរាយពុំខាន ខ្ញុំគ្រាន់តែសូមឲ្យអ្នកទាំងឡាយតាមហែខ្ញុំតាមដំណើរប្រក្រតី ខ្ញុំនឹងជិះដំរីទៅដេញបង្អើលកងទ័ពទាំងនោះឲ្យខ្ចាត់ខ្ចាយអស់ទៅ ដោយគ្រាន់តែប្រើចង្អុលម្រាមមួយប៉ុណ្ណោះ អ្នកទាំងឡាយកុំព្រួយបារម្ភឡើយ ” ។
          លុះបានឫក្សពារពេលាល្អ ព្រះរាជាឡើងគង់លើខ្នងដំរីសឹកមានអាមាត្យសហជាតតាមហែហមព្រះអង្គ តាមដំណើរជាប្រក្រតីធម្មតា ព្រមទាំងភ្លេងតូរ្យតន្រ្តីផ្សេង ៗ ព្រះចក្រីយាងចេញតាមទ្វារទិសខាងកើត បានទតឃើញចតុរង្គសេនារបស់ខ្មាំងច្រើនណាស់ ណែនណាន់តាន់តាប់ ច្រើនស្រទាប់ជាប់ ៗ បន្តគ្នា មានឧបមាដូចរលកទឹកមហាសមុទ្ររកទីបំផុតគ្មាន ។ ព្រះពោធិសត្វគ្រាន់តែលើកម្រាមព្រះហស្ត ១ ចង្អុលទៅពួកខ្មាំងទាំងនោះ ។ កាលណោះ ការណ៍អស្ចារ្យក៏កើតឡើងជាក់ស្តែង ស្រាប់តែពួកពលដំរី ធ្លាក់ពីលើខ្នងដំរី ពលសេះធ្លាក់ពីខ្នងសេះ ពលរងធ្លាក់ពីលើរថ ពលថ្មើរជើងដាក់មេផាយនាំគ្នារត់ខ្ចាត់ខ្ចាយអស់ទៅ ។ ព្រះរាជាទ្រង់ទតឃើញដូច្នោះ ក៏មានព្រះរាជហឫទ័យអាណិតអាសូរណាស់ ទ្រង់ត្រាស់ខ្លាំង ៗ ថា “ ចូរអ្នកទាំងឡាយនាំគ្នាក្រោកឡើងចុះ កុំបីភិតភ័យព្រួយបារម្ភអីឡើយ ” ។ ស្តេចទាំងនោះ ក៏នាំគ្នាក្រោកឡើង លើកដៃប្រណម្យ សូមទោស សូមជីវិត សូមថ្វាយរាជសម្បត្តិដល់ព្រះអង្គ ។ ព្រះបាទវត្តង្គុលីរាជ ទ្រង់បានទូន្មានប្រដៅស្តេចទាំងនោះ ឲ្យឋិតនៅក្នុងសន្តិភាពដោយប្រពៃហើយ ទើបទ្រង់បញ្ជូនក្សត្រទាំងនោះ ឲ្យត្រឡប់ទៅកាន់រាជធានីរៀង ៗ ខ្លួន ។
          ព្រះនរបតី ស្តេចត្រឡប់ចូលព្រះរាជនិវេសន៍ ដោយសិរីសួស្តី និងជោគជ័យដ៏ខ្ពង់ខ្ពស់ ។ ឯក្សត្រទាំង ១០១ អង្គបាននាំគ្នាយកគ្រឿងរាជបណ្តាការផ្សេង ៗ មកថ្វាយព្រះបាទវត្តង្គុលីរាជ ដោយក្តីស្វាមីភក្តិ ។ ព្រះចក្រីតែងទ្រង់ព្រះរាជទានព្រះរាជទ្រព្យផ្សេង ៗ ដល់ស្មូមយាចកទាំងឡាយ ទ្រង់ប្រកបដោយទសពិធរាជធម៌តាមរាជប្រពៃណីនៃព្រះមហាក្សត្រអំពីបុរាណ ទ្រង់ជារាជាធិរាជក្នុងសកលជម្ពូទ្វីប ទ្រង់មានចេស្តាបារមីល្បីល្បាញទូទៅ ។ ស្តេចក្នុងសកលជម្ពូទ្វីប ក៏ឋិតនៅក្នុងឱវាទរបស់ព្រះអង្គដោយគោរពស្មោះត្រង់ទូទៅ ។
          អ្នកនិពន្ធបានបញ្ជាក់ថា ម្រាមដ៏មានឫទ្ធិយ៉ាងអស្ចារ្យ របស់ព្រះបាទវត្តង្គុលីរាជនោះ កើតឡើងដោយអានិសង្សនៃការកសាងម្រាមព្រះហស្តនៃព្រះពុទ្ធបដិមាពីបុព្វជាតិរបស់ព្រះអង្គ ។

( ដកស្រង់ចេញពីសៀវភៅ បញ្ញាសជាតក ទំព័រ ១០៩ )
Share this article :