(សេចក្តីសង្ខេប)
កាលណោះ
មានព្រះមហាក្សត្រមួយព្រះអង្គ ព្រះនាមព្រះបាទមហាសុរសេនសោយរាជ្យក្នុងព្រះនគរពារាណសី
តែងទ្រង់ទូន្មានមហាជនរាល់ព្រឹកថា “ អ្នកទាំង ឡាយ កុំបីមានសេចក្តីប្រមាទ
ចូរនាំគ្នាធ្វើបុណ្យឲ្យទានរក្សាសីល ” ។ ទ្រង់ឲ្យសង់សាលាទាន ៦ ចំណាយព្រះរាជទ្រព្យមួយថ្ងៃមួយសែនកហាបណៈដាក់ទានដល់ស្មូមយាចករៀងរាល់ថ្ងៃ
។
ថ្ងៃមួយទ្រង់ព្រះចិន្តាថា
សព្វថ្ងៃនេះបានធ្វើពាហិរកទាន (ទានខាងក្រៅខ្លួន) សព្វគ្រប់ហើយ ប៉ុន្តែអជ្ឈត្តិកទាន
(ទានខាងក្នុងខ្លួន) មិនទាន់បានបំពេញសោះ ។ ធម្មតាព្រះពោធិសត្វទាំងឡាយ
តែងធ្វើមហាបរិច្ចាគទាំង ៥ ប្រការ ទើបបានត្រាស់ជាព្រះពុទ្ធ
បើមានស្មូមណាមួយមកសូមភ្នែកក្តី បេះដូងក្តី សាច់ឈាមក្តី អវយវៈណាក្តី
ទ្រង់នឹងបរិច្ចាគជាទានដល់ស្មូមនោះ ៗ ក្នុងកាលឥឡូវនេះ ។
គ្រានោះ ព្រះឥន្រ្ទាធិរាជ
ទ្រង់ជ្រាបទឹកព្រះទ័យនៃព្រះបាទមហាសុរសេនដូច្នោះហើយ ក៏ចុះពីទេវលោកមកកាន់ឋានមនុស្សលោក
។ ព្រះឥន្ទទ្រង់និម្មិតអាត្មាជាមាណពឥតក្បាល
ដៃកាន់ឈើច្រត់ឈរបង្ហាញខ្លួននៅទីព្រលាននៃព្រះមហាក្សត្រ ។ ព្រះបាទមហាសុរសេន
ទ្រង់គ្រឿងអលង្ការ មានអាមាត្យមុខមន្រ្តីហែហមអមព្រះអង្គ
ស្តេចឡើងគង់ព្រះទីនាំងគជេន្រ្ទឆ្ពោះទៅឯសាលាទាន ។ មាណពឥតក្បាល
ក៏លើកដៃប្រណម្យបង្គំទូលថា “ បពិត្រព្រះរាជសម្ភារទូលព្រះបង្គំ ជាមនុស្សឥតក្បាល
សូមទ្រង់ព្រះរាជទានព្រះសិររបស់ព្រះអង្គ ឲ្យទូលព្រះបង្គំដោយក្តីអនុគ្រោះដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គ
” ។
អាមាត្យមុខមន្រ្តី
និងមហាជនផង បានស្តាប់សម្តីនៃមាណពកំបុតក្បាលនោះ
ក៏មានសេចក្តីតក់ស្លុតរន្ធត់ចិត្តមហិមា ។ ឯព្រះមហាក្សត្រទ្រង់មានព្រះឱង្ការថា “
ម្នាលមាណព អ្នកសូមរបស់អ្វី យើងនឹងឲ្យរបស់នោះ ឥតទើសទាល់ឡើយ
យើងនឹងបំពេញបំណងរបស់យើងផង របស់អ្នកផង ថ្ងៃនេះយើងនឹងដាក់ទានក្បាលយើងឲ្យអ្នក
យើងប្រាថ្នាសូមឲ្យបានត្រាស់ជាព្រះពុទ្ធមួយអង្គ ស្រោចស្រង់សត្វលោកទៅអនាគតកាល ” ។
ទ្រង់បានប្រទានព្រះខ័នទៅអាមាត្យម្នាក់ឲ្យកាត់ព្រះសិរសាព្រះអង្គ ។
អាមាត្យនោះឈរសម្រក់ទឹកភ្នែកមិនអាចប្រតបត្តិតាមព្រះឱង្ការឡើយ
ហើយចាប់ព្រះខ័នកាត់ព្រះសុរងដាច់ចេញពីព្រះកាយព្រះរាជទាន ទៅមាណពឥតក្បាលនោះមួយរំពេច ។ កាលណោះ ស័ព្ទយំសោក មានព្រះអគ្គមហេសី
និងស្រីស្នំជាដើម លាន់ឮកងរំពងទូទៅ ដោយក្តៅសោកស្តាយអាឡោះអាល័យព្រះមហក្សត្រ ។
សេចក្តីអស្ចារ្យផ្សេង ៗ
ក៏កើតមានប្រាកដជាក់ស្តែងមហាប្រថពីក៏កម្រើកញាប់ញ័រសូរស័ព្ទផ្គរលាន់ឮគគ្រឹកគគ្រេង
ភ្លៀងផ្កាប្រាំពណ៌ក៏បង្អុរធ្លាក់ចុះពីអាកាស ដោយតេជៈទានបរមត្ថបារមីនៃព្រះមហាក្សត្រ
។
ខណៈនោះ ព្រះឥន្រ្ទាធិរាជជាម្ចាស់នៃត្រៃត្រឹង្សទេវលោក
ទ្រង់គ្រឿងអលង្ការទិព្វ ទ្រង់ស្ថិតនៅព្ធដ៏អាកាស
ទ្រង់បង្ហាញព្រះអង្គឲ្យមហាជនប្រុសស្រីបានឃើញជាក់ស្តែងរាល់គ្នា
ហើយទ្រង់មានទេវឱង្ការនឹងព្រះនាងទេវីថា “ ម្នាលព្រះនាង កុំទ្រង់កន្សែងសោយសោកពេកឡើយ
យើងនឹងប្រទានជីវិតដល់ព្រះរាជស្វាមីនៃព្រះនាង ក្នុងកាល ឥឡូវនេះឯង ” ។
ដោយតេជៈកុសលសម្ភារនៃព្រះមហាក្សត្រ និងទេវានុភាព ព្រះសិរសាក៏កើតឡើងវិញដូចដើម
ក្នុងខណៈនោះឯង ។ មនុស្សម្នាមហាជនក៏ថ្វាយស័ព្ទសាធុការពរលាន់ឮកងរំពងទូទៅ
ទាំងព្រះរាជវង្សានុវង្សបានឃើញការណ៍អស្ចារ្យដូច្នោះ ក៏ព្រឺព្រួចលោមាមានក្តីត្រេកអរសោមនស្សដ៏មហិមា
ព្រះបាទមហាសុរសេន ក្រោយដែលទ្រង់មានព្រះជន្មឡើងវិញហើយ
ទ្រង់តែងបំពេញកុសលមានទានសីលជាដើមជានិច្ច រៀងរហូតដល់សោយទីវង្គត
ស្តេចបានទៅកើតក្នុងតុសិតពិភព សេពសោយសម្បត្តិទិព្វជានិរន្តរ៍ ៕
(ដកស្រង់ចេញពីសៀវភៅ បញ្ញាសជាតក ទំព័រ ៨៧)