Latest Movie :

រឿង អមាត្យរក្សាព្នៅព្រះរាជទ្រព្យ


          មាននិទានមួយដំណាលថាៈ មានអមាត្យម្នាក់តែងរក្សា និងរាប់ផ្លែព្នៅព្រះរាជទ្រព្យ របស់ព្រះមហាក្សត្រមួយព្រះអង្គ កាលណាផ្លែព្នៅនោះទុំ ក៏បេះយកទៅថ្វាយជានិច្ចពុំដែលខាន គាប់ជួនថ្ងៃមួយនោះ បុរសម្នាក់កាន់ទំពក់ទៅបេះផ្លែព្នៅ ដើរទៅក្បែរខាងដើមព្នៅ ដែលអមាត្យនៅថែរក្សានោះ ។ អមាត្យមើលទៅ យល់បុរសនោះកាន់ផ្លែព្នៅនៅថ្នក់ ទំពក់នៅដៃ ក៏ទៅរាប់ផ្លែព្នៅនៅដើមនោះមើល  ឃើញតែទងទទេទើបគិតថា  “ សមជាអាលីទំពក់នឹងផ្លែព្នៅដើរទៅអម្បាញ់មិញនេះឯង ជាចោរលួច ” ។ អមាត្យក៏រត់ទៅតាមចៅនោះ ឃើញមានផ្លែព្នៅនៅថ្នក់ទំពក់នៅដៃមែន ហើយក៏ចាប់កោះយកទៅប្តឹងចៅក្រមថា “ ចៅនេះឯង ជាចោរលួចផ្លែព្នៅព្រះរាជទ្រព្យ ខ្ញុំចាប់បានផ្លែព្នៅនៅថ្នក់ទំពក់នៅដៃ ” ។

          ចៅក្រមដណ្តឹងសួរថា “ ចៅឯងជាចោរលួចបេះផ្លែព្នៅព្រះរាជទ្រព្យមែនឬទេ ? ” ។ ចៅនោះឆ្លើយថា “ ខ្ញុំមិនមែនជាចោរលួចទេ, ឯផ្លែព្នៅនេះខ្ញុំបេះមកពីព្រៃដទៃទៀតទេ ” ។ ទើបចៅក្រមនាំសេចក្តីនោះ ទៅក្រាបបង្គំទូលព្រះមហាក្សត្រតាមដំណើរសេចក្តីនោះសព្វគ្រប់ ។
          ព្រះមហក្សត្រមានព្រះបន្ទូលថា “ កុំអាលឲ្យគាបវាឡើយ ” ហើយត្រាស់បង្គាប់ឲ្យយកផ្លែព្នៅអំពីចៅនោះ  ទៅដាក់ផ្ទាល់ទល់នឹងទងដែលផ្លែព្នៅជ្រុះចេញទៅនោះ តើត្រូវឬត្រូវ រួចសឹមទម្លាក់ផ្លែព្នៅនោះទៅដី ហើយពិចារណារកមើលហេតុឲ្យឃើញពិតប្រាកដសិនបើឃើញថាគួរមានទោសសឹមធ្វើទោសវា ។
          អមាត្យទទួលព្រះរាជឱង្ពារ ហើយយកផ្លែព្នៅនោះទៅដាក់លនឹងទងព្នៅ ឃើញថាមិនត្រូវទំនងគ្នាសោះ ហើយទម្លាក់ទៅដី ផ្លែព្នៅនោះក៏ជ្រុះទៅក្នុងថ្លុកកប់ភក់ទៅ ។ ព្រះអង្គត្រាស់បង្គាប់ឲ្យកកាយភក់រកព្នៅនោះ ក៏បានឃើញផ្លែព្នៅដែលទើបនឹងធ្លាក់ទៅ នឹងផ្លែព្នៅដែលទុំជ្រុះអំពីមុននោះ ។ ព្រះអអង្គឲ្យយកផ្លែព្នៅ ដែលជ្រុះអំពីមុននោះទៅដាក់ផ្ទាប់លមើល ក៏ឃើញត្រូវនឹងទងនោះមែន ហើយត្រាស់បង្គាប់ឲ្យយកផ្លែព្នៅខុសនឹងទងវាឲ្យទៅបុរសលីទំពក់វិញ ហើយឲ្យបើកលែងទៅ ។ ចៅនោះក៏យកទំពក់ និងផ្លែព្នៅរបស់ខ្លួនទៅកាន់ទីលំនៅអាត្មាវិញ ។
          ព្រះមហាក្សត្រទ្រង់រកសេចក្តីពិត បានឃើញជាក់ស្តែងដូច្នេះ ហៅសុគតិគមនំ ត្រូវតាមគន្លងធម៌ហោង ។

(ដកស្រង់ចេញពីសៀវភៅ ប្រជុំរឿងព្រេងខ្មែរភាគ ៣ ទំព័រ ១៦៩)
Share this article :