Latest Movie :

រឿង សុទស្សនមហារាជ


(សេចក្តីសង្ខេប)
          មានសេចក្តីដំណាលថា កាលពីក្នុងអំឡុងពុទ្ធសាសនាព្រះពុទ្ធកស្សបនោះ ព្រះពោធិសត្វយើង បានទៅចាប់កំណើតក្នុងត្រកូលសេដ្ឋីក្នុងក្រុងពារាណសី មានសេចក្តីជ្រះថ្លាចំពោះព្រះថេរៈមួយអង្គដែលគង់នៅក្នុងព្រៃ ហើយបានធ្វើបណ្ណសាលា ទីចង្រ្កមន៍ ជីកអណ្តូង ជម្រះស្មៅ រោយរាយដីខ្សាច់ដោយជុំវិញទីអាស្រមបូជាដោយទៀនធូប និងភ្ញីផ្កាជាដើម ហើយត្រឡប់ទៅទីលំនៅអាត្មាវិញ ។ ចាប់តាំងអំពីថ្ងៃនោះមក អ្នកបានផ្គត់ផ្គង់ទំនុកបំរុងព្រះថេរៈអង្គនោះ ដោយត្រ័យចីវរចង្ហាន់ ព្រមទាំងឈើច្រត់, ពាងទឹក, គោមចង្កៀង, គ្រែតាំង, កម្រាល និងបញ្ចគោរស សព្វគ្រប់ ។

          ព្រះថេរៈអង្គនោះ បានធ្វើអនុមោទនាថា
          “ អ្នកឲ្យបាយ ជាអ្នកឲ្យកម្លាំង, អ្នកឲ្យសំពត់ ជាអ្នកឲ្យពណ៌សម្បុរ, អ្នកឲ្យយានជំនិះ ជាអ្នកឲ្យសេចក្តីសុខ អ្នកឲ្យប្រទីប ជាអ្នកឲ្យចក្ខុ ” ។
          អ្នកដែលបានដាំដើមឈើផ្លែ ឈើផ្កាផ្សេង ៗ រៀបចំទីកន្លែងនោះឲ្យសមជាទីរមណីរដ្ឋានក្សេមក្សាន្តសប្បាយ សមជាទីលំនៅនៃបព្វជិតអ្នកស្វែងរកទីវិវេក ហើយអ្នកនិមន្តព្រះថេរៈឲ្យគង់ចាំព្រះវស្សា អ្នកតែងទៅទទួលឧបោសថសីល នៅឧបោសថសីលពុំដែលខាន ។ អ្នកតែងប្រគេនចង្ហាន់បិណ្ឌបាតរាល់ ៗ ថ្ងៃ ត្រាតែដល់អាយុក្ខ័យអ្នកបានទៅកើតក្នុងឋានសួគ៌ទេវលោក បរិបូណ៌ដោយសម្បត្តិទិព្វគ្រប់ប្រការ ។
          លុះច្យុតពីឋានសួគ៌ មកចាប់កំណើតក្នុងមនុស្សលោកវិញ អ្នកបានឡើងគ្រងរាជ្យជាស្តេចចក្រពត្រាធិរាជ ប្រកបដោយរ័ត្ន ៧ ប្រការ ទ្រង់ព្រះនាមព្រះបាទមហាសុទស្សនរាជ គ្រងរាជ្យក្នុងមហានគរកុសាវតី ទ្រង់មានមហិទ្ធិឫទ្ធិក្លៀវក្លា បរិបូណ៌ដោយឃ្លាំងមាសឃ្លាំងប្រាក់ និងឃ្លាំងរតនផ្សេង ៗ  ទៀតជាច្រើនប្រការ គ្មានក្សត្រាធិរាជអង្គណា អាចប្រៀបផ្ទឹមស្មើនឹងព្រះអង្គឡើយ ។ អាណាប្រជានុរាស្រ្តក៏ក្សេមក្សាន្តរីករាយ ប្រកបដោយសន្តិសុខ និងសេចក្តីសម្បូណ៌សប្បាយគ្រប់យ៉ាង ដែលគេអាចរកបាននាឋានមនុស្សលោកនេះ ។

( ដកស្រង់ចេញពីសៀវភៅ បញ្ញាសជាតក ទំព័រ ១០៧ )
Share this article :