មាននិទានមួយថាៈ
មានសត្វឥន្រ្ទីមួយនៅលើកោះ កណ្តាលសមុទ្រហើយមានក្រពើមួយធ្វើរូងនៅកោះនោះផង ។
សត្វឥន្រ្ទីនោះតែងទៅឆាបដំរីអំពីត្រើយសមុទ្រយកមកឆី នៅខាងរូងក្រពើនោះជាប្រក្រតី ។
ថ្ងៃមួយ ក្រពើមើលយល់ឥន្រ្ទីពាំដំរី និងឆីហើយ ក្រពើនោះគិតគ្នាន់ក្នុងចិត្តថា “
អញនឹងដណ្តើមសាច់ដំរីអំពីឥន្រ្ទីឆី ។
លុះឥន្រ្ទីពាំដំរីមកដាក់ដល់ឋានដែលធ្លាប់តែបរិភោគរៀងរាល់ថ្ងៃនោះ
ក្រពើនោះវារចេញអំពីរូងឡើងទៅរកឥន្រ្ទីហើយសួរថា “ ម្នាលឥន្រ្ទី ! ម្តេចក៏ព្រះស្តែងមកលួចសាច់ដំរីជាអាហារអញ
? ” ។ ឥន្រ្ទីឆ្លើយថា “ ដំរីនេះអញឆាបយកមកអំពីត្រើយសមុទ្រជាប្រាកដទើបតែមកអម្បាញមិញនេះឯង
ម្តេចក៏ព្រះស្តែងថាអញលួចអាហារព្រះស្តែង ? ។ ក្រពើ និងឥន្រ្ទីវិវាទគ្នា
ប្រាថ្នាចង់បានសាច់ដំរីទៅវិញទៅមក ពុំដាច់ស្រេចឡើយ
ទើបនាំគ្នាទៅប្តឹងពោធិសត្វជាតាបសនៅទីនោះ ។ ក្រពើ និងឥន្រ្ទីប្តឹងដោយដំណើរទីទៃ ៗ ។
ក្រពើថា “ ខ្ញុំខាំដំរីនឹងឆីនៅខាងរូងលំនៅខ្ញុំ ឥន្រ្ទីនេះមកដណ្តើមសាច់ដំរី
នឹងយកឆីជាអាហារវា ” ។ ឥន្រ្ទីថា “ ដំរីនេះខ្ញុំឆាបអំពីត្រើយសមុទ្រជាប្រាកដទើបតែមក
ដល់ ខ្ញុំគិតនឹងឆី ស្រាប់តែក្រពើនេះវាវារឡើងអំពីរូងទៅថា “ ខ្ញុំលួចចំណីអាហារវា ” ទាំងនេះសូមព្រះអង្គពិចារណាឲ្យខ្ញុំហោង
” ។ ទើបតាបសមកមើលដល់ទីកន្លែងដំរីឃើញតែស្នាមក្រចកឥន្រ្ទី ពុំឃើញចង្កូមក្រពើនោះឡើយ
ព្រះអង្គយកក្រចកឥន្រ្ទីមកផ្ទាប់មើលយល់ថាមែន ។ តាបសថា “
ឥន្រ្ទីយល់ថាមានសាក្សីមែនពិត, ឯក្រពើឥតសាក្សីអ្វីឡើយ ”
ទើបកាត់សេចក្តីនោះឲ្យក្រពើចាញ់ឥន្រ្ទី ។ តាបសកាត់សេចក្តីដូច្នេះ ហៅថាសុគតិគមនំហោង
។
(ដកស្រង់ចេញពីសៀវភៅ
ប្រជុំរឿងព្រេងខ្មែរ ភាគ ៣)