Latest Movie :

រឿង អន្ទង់វែងឆ្នាំងវែង


          ក្នុងកាលកន្លងទៅហើយ មានមនុស្សពីរនាក់ ជាប្តីប្រពន្ធ។ ថ្ងៃមួយ ប្តីចេញទៅរកអន្ទង់ ដើម្បីជាអាហារ បានអន្ទង់ ១ យកមកប្រគល់ឲ្យប្រពន្ធ ប្រាប់ថា “ ចូរឯងយកអន្ទង់នេះទៅស្លស៊ី ” ។ ប្រពន្ធឆ្លើយថា “ ចុះបើអន្ទង់នេះវែងម្ល៉េះ បានឆ្នាំងវែងពីណានឹងយកមកស្ងោរអន្ទង់នេះបាន? ” ។ ប្តីឮហើយ នឹកក្នុងចិត្តថា “ ប្រពន្ធអញល្ងង់អ្វីម្ល៉េះ! ”  ហើយប្រាប់ប្រពន្ធថា “ បើឯងរកឆ្នាំងវែងពុំបានទេ ឯងយកអន្ទង់នេះទៅព្យួរទុកទៅ! ” ។ ប្រពន្ធក៏យកអន្លង់នេះទៅព្យួរទុក ហើយគេចទៅដេកបំបៅកូនក្នុងមុងទៅ។ ប្តីក៏យកអន្លង់មកកាប់ចិញ្ច្រាំ ហើយយកឆ្នាំងមកដាក់ស្ល-កកូរ, លុះឆ្អិន ក៏ដោះដួស រួចហៅប្រពន្ធមកឲ្យស៊ី ៗ ស៊ីរួចលាងចានទុក តែសម្លអន្លង់នោះសល់បន្តិចនៅបាតឆ្នាំង, ប្តីមិនលាងឆ្នាំងនោះទេ ហើយចេញទៅព្យួរស្រែបាត់ទៅ ។

ឯប្រពន្ធ ដឹងថាប្តីចេញទៅបាត់ហើយ នឹកដល់សម្ល-កកូរអន្ទង់ដែលឆ្ងាញ់ ក៏ស្ទុះក្រោកឡើង ទៅយកឆ្នាំងនោះមកលិទ្ធ, ដល់ខំលិទ្ធណាស់ទៅ ក្បាលនាងនោះ ចូលទៅក្នុងឆ្នាំង ៗ គ្របជាប់ពីលើ, មិនដឹងធ្វើដូចម្តេចនឹងយកឆ្នាំងនោះចេញបាន ក៏វាទៅពួនក្នុងមុង ។ លុះប្តីត្រឡប់មកពីព្យួរស្រែវិញ រកប្រពន្ធពុំឃើញ ក៏ស្រែកហៅ ឮសូរឆ្លើយសំឡេងនោះក្រងួរវល់ ហាក់ដូចជាចម្លែកណាស់, ប្តីដើរចូលទៅរកមើល មិនឃើញក៏ចូលទៅបើកមុងមើល បានឃើញប្រពន្ធជាប់ក្បាលនៅក្នុងឆ្នាំង ទើបរកដំបងវាយឆ្នាំងនោះបំបែកទៅ ។ ប្រពន្ធលាន់មាត់ស្រែកថា “ យ៉ា! អញពួននឹងគាត់ឯងសោះ “ ។ ប្តីនឹកអស់សំណើច ក៏ដើរចេញទៅ ។
អន្ទង់វែង កុំបាច់រកឆ្នាំងវែង

(ដកស្រងចេញពីសៀវភៅ ប្រជុំរឿងព្រេងខ្មែរ ភាគ ២)
Share this article :