ក្នុងអតីតកាល មានព្រះរាជា ១ ព្រះអង្គ
ព្រះនាមព្រះបាទអាទិត្តរាជគ្រងរាជ្យក្នុងជេតុត្តរនគរ
ព្រះអគ្គមហេសីព្រះនាមព្រះនាងសង្ខទេវី ។ ព្រះរាជាទ្រង់ធម៌មានព្រះទ័យសប្បុរសក្រៃលែង
ទ្រង់បានឲ្យសង់សាលាឆទាន គឺសាលា ៤ ខ្នង នៅទ្វារនគរទាំង ៤ មួយខ្នងនៅកណ្តាលនគរ
មួយខ្នងទៀតនៅជិតទ្វារព្រះរាជវាំង
ទ្រង់បានចំណាយព្រះរាជទ្រព្យដាក់ទានដល់ស្មូមយាចកអ្នកកំសត់ទុគ៌ត ក្នុងមួយថ្ងៃ ១
សែនកហាបណៈរាល់ ៗ ថ្ងៃ ។
រាត្រីមួយព្រះរាជាទ្រង់ព្រះសុបិនថា “
មានព្រាហ្មណ៍ចាស់ជរាម្នាក់មកសូមភោជនព្រះអង្គ ” ទ្រង់តើនឡើង ទ្រង់យល់ថា ព្រឹកនេះនឹងមានស្មូមយាចកមកសូមភោជនពុំខាន
។ ទ្រង់មានព្រះតម្រិះទៅទៀតថា “ បើមានជនណាមួយមកសូមបេះដូងអញ ៗ
នឹងពុះទ្រូងរូងយកសាច់បេះដូងដាក់ជាទាន បើសូមក្បាលអញនឹងកាត់ដាក់ជាទាន
ឬសូមសរីរៈទាំងមូលក្តី ក៏អញដាក់ទានឥតមានក្តីសោកស្តាយ ឬតក់ស្លុតឡើយ ” ។ គ្រានោះស្រាប់តែកើតការណ៍អស្ចារ្យ
មានប្រការផ្សេង ៗ មានដែនដីកំរើកញាប់ញ័រជាដើម ។
ព្រះឥន្រ្ទាធិរាជ
ទ្រង់បានជ្រាបសភាពព្រះហឫទ័យព្រះបាទអាទិត្តរាជដូច្នោះហើយ ក៏ស្តេចចុះពីឋានទេវលោកមក
ហើយទ្រង់បាននិម្មិតខ្លួនជាព្រាហ្មណ៍ចាស់ជរា ដៃកាន់ឈើច្រត់
រាងកាយស្គាំងស្គមសក់ស្កូវដើរញីរញ័រចូលមករកព្រះអង្គ ។ ព្រះអង្គត្រាស់សួរថា “
ម្នាលព្រាហ្មណ៍ អ្នកត្រូវការអ្វី ? ” ។ ព្រាហ្មណ៍ជរាក្រាបទូលថា “
បពិត្រព្រះរាជសម្ភារ ទូលព្រះបង្គំចាស់ជរាទីទ័លក្រណាស់ គ្មានអ្វីទទួលព្រះរាជទានទេ
សូមទ្រង់ព្រះរាជទានភោជន គ្រាន់ជាស្បៀងលៀងជីវិតរៀងទៅ ” ។
ព្រះរាជាទ្រង់បានប្រទានភោជនដាក់ភាជន៍មាសទៅព្រាហ្មណ៍ជរា ៗ
បានទទួលហើយត្រឡប់ជាគ្រវែងភោជនចោលទៅ ហើយពោលពាក្យទ្រគោះដាក់ព្រះអង្គថា “ យីអើ
ព្រះបាទអាទិត្តរាជ ម្តេចក៏ឲ្យភោជនអាក្រក់មកយើង ? ” ហើយធ្វើហាក់ដូចជាខឹងខ្លាំងណាស់
តាំងបោកប្រាស់ដើរចេញទៅ ។ ឯព្រះមហាក្សត្រ ទុកជាបានស្តាប់សម្តីមិនគប្បីដូច្នោះក៏ដោយ
ក៏ឥតមានព្រះហឫទ័យក្រេវក្រោធបន្តិចឡើយ
ត្រឡប់ជាមានព្រះភក្ត្រញញឹមប្រឹមប្រិយដូចបទុមមាសកំពុងរីកទទួលសែងព្រះសុរិយា ។
ឯឥន្ទព្រាហ្មណ៍
ត្រឡប់ប្រែកាយជាព្រាហ្មណ៍កំឡោះ មានរូបស្រស់បស់ត្រឡប់ចូលមករកព្រះអង្គទៀត
បានធ្វើសេចក្តីសំណេះសំណាលរាក់ទាក់ ក្រាបបង្គមទូលសួរសុខទុក្ខ ល្មមឲ្យកើតសេចក្តីស្និទ្ធស្នាល
ហើយទើបព្រាហ្មណ៍ក្រាបទូលថា “ បពិត្រព្រះរាជសម្ភារប្រសើរអើយ ទូលបង្គំមកនេះ
មានបំណងនឹងក្រាបទូលសូមព្រះរាជទេពីពីព្រះអង្គ សូមទ្រង់ព្រះរាជទានព្រះនាងសង្ខទេវី
ដល់ទូលព្រះបង្គំជាខ្ញុំ ក្នុងកាលឥឡូវនេះកុំបីខានឡើយ ” ។
ព្រះរាជាទ្រង់បានទតព្រះនេត្រទៅរកព្រះនាងទេវី ៗ ទេវីក្រាបទូលព្រះស្វាមីថា “
បពិត្រព្រះស្វាមី ខ្ញុំម្ចាស់ជាទាសីរបស់ព្រះអង្គស្រាប់ ព្រះអង្គសព្វព្រះរាជហឫទ័យព្រះរាជទានខ្ញុំម្ចាស់ទៅជនណាមួយ
សូមទ្រង់ព្រះរាជទានចុះ កុំបីទើសទាល់ឡើយ ” ។ ព្រះមហាក្សត្រទ្រង់យកទឹកកុណ្ឌី
ជ្រូចប្រទានព្រះនាងដល់ព្រាហ្មណ៍នោះមួយរំពេច ហើយទ្រង់មានព្រះបន្ទូលថា “
ម្នាលព្រាហ្មណ៍ ព្រះនាងសង្ខទេវី ជាទីស្រឡាញ់ពេញចិត្តស្មើដោយជីវិតរបស់យើង
ប៉ុន្តែសព្វញ្ញូតញ្ញាណជាទីស្រឡាញ់ពេញចិត្តលើសលែងព្រះនាងទេវី ១ រយគុណ ១ ពាន់ដងទៅទៀត
” ។
ខណៈនោះ ប្រថពីកំរើកញាប់ញ័រ
ទាំងមហាសមុទ្រក៏កើតរលកបោកបែកផ្កាត្រែង ទាំងភ្នំសិនេរុរាជ ក៏ឱនលំទោនទោរទន់
ទាំងទេវតា និងមហាព្រហ្មទាំងឡាយ ក៏នាំគ្នាថ្វាយព្រះពរស័ព្ទសាធុការទ្រហឹងអឹងកង ។
ព្រះឥន្រ្ទាធិរាជ
ទ្រង់បានជ្រាបព្រះរាជអធ្យាស្រ័យ នៃក្សត្រាក្សត្រីទាំងពីរព្រះអង្គ សុទ្ធតែទ្រង់ធម៌
ទ្រង់មានព្រះទ័យសប្បុរសប្រសើរក្រៃលែង ទ្រង់បានផ្លាស់ភេទជាព្រះឥន្ទវិញ
ហើយទ្រង់មានទេវឱង្ការថា “ បពិត្រមហារាជ ទូលព្រះបង្គំមកនេះ
ដើម្បីជួយបំពេញទានបារមីនៃព្រះអង្គប៉ុណ្ណេះ ”
ហើយទ្រង់ទូលសុំព្រះរាជទានអភ័យទោសចំពោះក្សត្រទាំងពីរព្រះអង្គ ហើយទ្រង់សំដែងទសពិធរាជធម៌ថ្វាយព្រះបាទអាទិត្តរាជ
ទ្រង់ប្រទានឱវាទផ្សេង ៗ ទៀត ទ្រង់ប្រទានពរស័ព្ទសាធុការ ដោយប្រការផ្សេង ៗ
ហើយស្តេចទូលលាត្រឡប់ទៅកាន់ឋានទេវលោកវិញ ។
ឯព្រះបាទអាទិត្តរាជ
ព្រមទាំងព្រះរាជវង្សានុវង្ស ទ្រង់គង់នៅក្នុងព្រះរាជសម្បត្តិនានគរជេកុត្តរ
ប្រកបដោយសេចក្តីសុខសុភមង្គល និងជោគជ័យសេរីសួស្តីគ្រប់ប្រការ ដរាបដល់សោយទីវង្គត
ទៅកាន់សុគតិភពជាទីមនោរម្យ
សមដូចសេចក្តីសប្បុរសដ៏ប្រសើរខ្ពង់ខ្ពស់របស់ព្រះអង្គគ្រប់ប្រការ ។
(ដកស្រង់ចេញពីសៀវភៅ
បញ្ញាសជាតក ទំព័រ ៧៨)