កាលពីព្រេងនាយ មានរឿងមួយថា
មានកុមារីម្នាក់អាយុ ១៤ ឆ្នាំ ម្តាយប្រើឲ្យទៅជីកដម្លូង។ ក្មេងនេះ រៀបចំរួចស្រេច
ចេញដើរទៅរកដម្លូង ទៅដល់ព្រៃធំមានដម្បូកមួយមានរូងជ្រៅ។ នាងកុមារី ទៅជីកដម្លូង
នៅជើងដម្បូកនោះ ក៏របូតផ្លែចបជ្រុះធ្លាក់ទៅក្នុងរូងនោះ។ នាងមិនដឹងធ្វើដូចម្តេច
ក៏ស្រែកប្រកាសថា “លោកណា អ្នកណាអើយ ជួយយកផ្លែចបឲ្យខ្ញុំបាន ខ្ញុំនឹងសងគុណលោក”។
ស្រែកតែប៉ុណ្ណេះ មានខ្លាចាស់មួយ ដំបៅក្បាល រុយបែង ដង្កូវចុះគគ្រេចចេញមកពីក្នុងព្រៃ
ប្រាប់ទៅនាងនោះ ថា “នាង! តាយកឲ្យបានផ្លែចបនោះ តែបើតាយកបាន តាគ្រាន់តែឲ្យនាងឯង រកចៃឲ្យតាបានហើយ
តាមិនបាច់យកគុណពីចៅទេ”។ នាងឮខ្លាថាដូច្នោះ ក៏និយាយទៅថា”ឱលោកតាអើយ! ឲ្យតែលោកតាជួយយក ឲ្យបានចុះ”។
ខ្លាយកបានផ្លែចបពីក្នុងរូងឲ្យទៅនាង ហើយឲ្យនាងរកចៃឲ្យ។ នាងនោះយកបន្លាមកឆ្កឹះដង្កូវ
នៅក្នុងដំបៅក្បាលខ្លា។ ខ្លាចេះតែសួរនាងថា “នាងដំបៅតាស្អុយ ឬក្រអូប?”។ ដំបៅនោះស្អុយណាស់
ប៉ុន្តែនាងឆ្លើយប្រាប់ទៅវិញថា “ក្រអូបណាស់លោកតា” ខ្លាចេះតែសួរ នាងចេះតែថា ក្រអូប។
លុះឆ្កឹះដង្កូវអស់ទៅ ខ្លាបាត់ឈឺ បាត់រមាស់ ហើយនិយាយប្រាប់នាងថា “នាង!
នាងយកជាលមួយមក តានឹងដាក់ដង្កូវឲ្យ”។ នាងនោះយកជាលមួយមកឲ្យខ្លាៗ
ដាក់សុទ្ធតែមាសប្រាក់ពេញជាល ចងមាត់ជាលជាប់ឲ្យទៅនាង រួចប្រាប់ទៅនាងនោះថា
“នាងយកជាលនេះទៅផ្ទះ ហៅបងប្អូននាងមកជុំ បិទទ្វារឲ្យជិតសឹមបើក”។ នាងនោះលាខ្លា
ដើរទៅដល់ផ្ទះ ហៅបងប្អូនមកជុំ រួចក៏បើកជាល ដល់បើក ទៅបានសុទ្ធតែមាស
និងប្រាក់ចែកគ្នា។ លុះយូរបន្តិច ដឹងទៅដល់ស្រីឯទៀត ដែលមានកូនក្រមុំ ស្រី
នោះបញ្ជាកូនក្រមុំថា “ហងឯងមើលកូនគេៗ ដើរទៅជីកដម្លូងបានមាសប្រាក់ យកមកចែកបងប្អូនគេ
ហងទៅជីកបានតែដម្លូង គ្មានបានខ្មោចអ្វីទេ”។ ថ្ងៃក្រោយ ស្រីនោះប្រើឲ្យកូនទៅជីកដម្លូង
លុះបានទៅ ដល់ជួបប្រទះនឹងខ្លា ដូចនាងមុនទៀត ក៏ធ្វើជាជុះចបដូចនាងមុននោះដែរ ហើយថា “
លោកណាយក ចបឲ្យខ្ញុំបាន ខ្ញុំនឹងសងគុណលោក”។ ខ្លាឮហើយ ក៏យកមកឲ្យ រួចឲ្យនាងនោះ
ចាប់ដង្កូវឲ្យ។ ខ្លាសួរ ដូចពីមុនថា “នាង! ដំបៅតាស្អុយ ឬក្រអូប?”។
នាងនោះឆ្លើយថា”ស្អុយណាស់” ខ្លាឮដូច្នោះថា “នាងយកជាលមួយមក តានឹងដាក់មាសប្រាក់ឲ្យ”។
នាងយកជាលឲ្យខ្លាៗ ចាប់សុទ្ធតែពស់វែក ដាក់ពេញ ជាល ហើយឲ្យទៅនាងនោះ ប្រាប់ថា “ នាងយកទៅផ្ទះហៅបងប្អូនមកជុំ
បិទទ្វារឲ្យជិតសឹមបើក”។ នាងនោះទៅដល់ផ្ទះ ហើយប្រាប់ម្តាយៗ អរណាស់
ឲ្យបងប្អូនមកជុំតាំងបិទទ្វារ រួចបើកជាលមើល។
ពស់វែកចេញមកចឹកមនុស្សទាំងនោះស្លាប់អស់ទៅ។
ចចើងចង់លាភ
រែងបាត់ធនទៅ