Latest Movie :

រឿង បុរសម្ចាស់ផ្ទះ និងបុរសសុំសំចត


          មាននិទានមួយដំណាលថាៈ មានបុរសម្នាក់ទើបនឹងសង់ផ្ទះហើយថ្មី ៗ គាប់ចួនមានបុរសម្នាក់ទៀត ចូលមកសុំសំណាក់នឹងផ្ទះនោះ ។ ឯចៅម្ចាស់ផ្ទះក៏ព្រមឲ្យសំចតហើយនៅរួមជាមួយគ្នាក្នុងផ្ទះនោះទៅ ។ ចៅសុំសំចត លុះនៅបានយូរបន្តិច ក៏រាប់អស់គ្រឿងផ្ទះ គឺរនូត រនាប រណប បង្កង់ ដៃរណែង ផ្ទោង ផ្ងាន មានដំណរ ឥតដំណរ នូវស្លឹកប្រក់ ខ្នួចសព្វគ្រប់ កត់សំគាល់ទុកជាចំណាំ ។ លុះនៅជាអន្លុងបាន ១ ខែ ទៅ ចៅម្ចាស់ផ្ទះក៏និយាយថា “ ចៅមកនៅសំចតនឹងអញនេះយូរអង្វែងហើយ ចូរចៅទៅស្រុកចៅវិញចុះអញនឹងយកម្តាយឪពុក យកបងប្អូនអញមកនៅ ” ។ ឯចៅសុំសំចតឆ្លើយថា “ ផ្ទះនេះជាផ្ទះរបស់អញម្តេចក៏ចៅថាជាផ្ទះរបស់ចៅវិញ ? ” ។ ចៅទាំង ២ នាក់ឈ្លោះទាស់ទែងដណ្តើមផ្ទះគ្នា ក៏នាំគ្នាឡើងទៅប្តឹងចៅក្រមឲ្យជំនុំជម្រះ ។ ចៅម្ចាស់ផ្ទះប្តឹងថា “ ផ្ទះនោះជាផ្ទះរបស់ខ្ញុំប្របាទទើបសង់ថ្មី ចៅនេះចូលមកសុំសំចតអស់អម្លុង ១ ខែ ពុំព្រមចេញ សូម្បីខ្ញុំប្របាទប្រាបឲ្យចេញ ក៏នៅតែពុំព្រមចេញ ថែមទាំងចៅនេះប្រកាន់យកផ្ទះរបស់ខ្ញុំប្របាទថាជាផ្ទះរបស់ខ្លួនផងទៀត ” ។ ចៅសុំសំចតប្តឹងថា “ ផ្ទះនោះខ្ញុំប្របាទទើបសង់ថ្មី ចៅនេះមកសុំសំចតអស់អម្លុង ១ ខែ ហើយដណ្តើមយកផ្ទះនោះអំពីខ្ញុំប្របាទ សូមទានមេត្តាប្រោស បើចៅនេះប្រកាន់ថាជាផ្ទះរបស់ខ្លួន តើចៅនេះដឹងទេ អស់ទាំងគ្រឿងផ្ទះនោះ គឺរនូត រនាប បង្កង់ ខ្នួចស្លឹកប្រក់ផ្ទះមានប៉ុន្មាន ? ” ។
          ចៅម្ចាស់ផ្ទះឆ្លើយតបទៅចៅក្រមថា “ ខ្ញុំប្របាទពុំបានរាប់ទេ តែផ្ទះនេះពិតជាផ្ទះរបស់ខ្ញុំប្របាទប្រាកដមែន ” ។ ចៅក្រមក៏ដណ្តឹងសួរទៅចៅសុំសំចតថា “ បើចៅប្រកាន់ថា ជាផ្ទះរបស់ចៅ តើចៅដឹងទេ គ្រឿងផ្ទះនោះមានប៉ុន្មាន ? ” ។ ចៅសុំសំចត ហេតុតែបានកត់សំគាល់ចំណាំទុកពីមុនមកស្រេច ក៏ឆ្លើយត្រូវទាំងអស់ ។ ចៅក្រមយល់ថា “ ប្រហែលជាចៅនេះជាម្ចាស់ផ្ទះមែន បានជាចាំបានសព្វគ្រប់ទាំងគ្រឿងផ្ទះ ”  ទើបកាត់សេចក្តីឲ្យបានទៅចៅសុំសំចតនោះ ។ ឯចៅម្ចាស់ផ្ទះពុំសុខចិត្តឡើយ ទើបនាំរឿងនោះទៅក្រាបបង្គំទូលព្រះមហាក្សត្រ ។
          ព្រះមហាក្ស ត្រទ្រង់ព្រះចិន្តាថា “ ហេតុអ្វីក៏ចៅមួយនេះ ចាំអស់គ្រឿងផ្ទះសព្វគ្រប់ម្ល៉េះ ? ហើយទ្រង់ត្រាស់សួរថា អើ ! ចៅចាំបានគ្រឿងផ្ទះបានហ្មត់ចត់ល្អណាស់ តែឯជើងសសរខាងក្នុងរណ្តៅនោះ តើមានអ្វីឬទេ ? ” ។ចៅសុំសំចតក្រាបបង្គំទូលថា គ្មានអ្វីនៅក្នុងរណ្តៅទេ ” ។ ទើបទ្រង់ត្រាស់សួរចៅម្ចាស់ផ្ទះថា “ បើចៅថាផ្ទះនោះជារបស់ចៅ តើចៅបានដាក់អ្វីនៅជើងសសរខ្លះដែរឬទេ ? ” ។ ចៅម្ចាស់ផ្ទះគ្រាបទូលថា “ រណ្តៅខាងជ្រុងអគ្នេយ៍នោះ ជាទីមានកក់ទន់ជ្រាយ ទើបទូលព្រះបង្គំជាខ្ញុំយកឈើ ១ កំណាត់ ដាក់នៅបាតសសរដើម្បីកុំឲ្យវាស្រុត ” ។ ទ្រង់ត្រាស់ថា “ បើថាដូច្នោះ ត្រូវទៅជីកជើងសសរនោះមើល តើមានមែនឬទេ ” ។ លុះជីកទៅ ក៏បានឃើញកំណល់កល់ជើងសសរនោះមែន ទើបត្រាស់វិនិច្ឆ័យថា “ ហេតុតែផ្ទះនោះជារបស់ចៅនោះមែនបានជាចាំបានដល់ក្នុងដី, ឯចៅមួយនោះ មិនមែនជាចៅម្ចាស់ផ្ទះទេបានជាចាំតែគ្រឿងខាងលើ ពុំដឹងដល់ក្នុងដី ហេតុនេះត្រូវបានផ្ទះទៅចៅដែលដឹងដល់គ្រឿងផ្ទះនៅក្នុងដី, ឯចៅ ១ នោះជាអ្នកឆបោកគេត្រូវមានទោស នឹងត្រូវពិន័យតាមច្បាប់ ” ។
          ចៅទាំង ២ នាក់ក៏សុខចិត្ត ហើយក្រាបថ្វាយបង្គំលាទៅកាន់លំនៅរបស់ខ្លួនទីទៃ ហោង ។

(ដកស្រង់ចេញពីសៀវភៅ ប្រជុំរឿងព្រេងខ្មែរភាគ ៣ ទំព័រ ១៧៣) 
Share this article :