Latest Movie :

គុណព្រះសម្ពុទ្ធ ៣ ប្រការ


ខ្ញុំសូមលំអត់ឱនអង្គអាត្មា               គោរពសាស្តាសម្ពុទ្ធជិនស្រី

ទ្រង់ខំតស៊ូកសាងបារមី                   រាប់អសង្ខេយ្យព្រោះតែសព្វសត្វ។
ព្រះអង្គជាគ្រូនៃមនុស្សទេវតា         មានឫទ្ធិ៍ចេស្តាកិលេសខ្ចាយខ្ចាត់
មិនញាប់មិនញ័រហឫទ័យស្ងប់ស្ងាត់ ខ្ញុំសូមប្រតិបត្តិព្រះជិនវង្ស ។
ទ្រង់ជាអភិសត្វផ្តាច់បង់តណ្ហា          មេត្តាករុណាដល់សត្វដែលលង់
វដ្តសង្សាព្រោះភាពខ្លៅល្ងង់                    អវិជ្ជាជាទ្រុងបិទបាំងធម្មា ។
គុណទ្រង់អនេកមិនអាចរាប់បាន ផ្សព្វផ្សាយពេញស្ថានទាំងមនុស្សទេវតា
នាំសត្វឲ្យឆ្លងកងទុក្ខវេរា                សុខគ្រប់អង្គាបានយល់បាបបុណ្យ ។
បើរាប់សង្ខេបគុណព្រះសាស្តា        មាន៣ប្រការអស្ចារ្យពេកពន់
ទី១  ករុណាដ៏ធំលើសលន់              ព្រះទ័យទោរទន់អាណិតសត្តា ។
ទ្រង់អាណិតសត្វដែលរស់គរគោក   រួមទាំងត្រៃលោកដែលពុលកាមា
ចង់ប្រោសពួកសត្វឲ្យរួចទុក្ខា           ដាក់ដល់អមតាត្រើយស្ថានឧត្តម ។
ទី២ ឈ្មោះថាវិសុទ្ធិគុណ                 បរិសុទ្ធអនន្តកាយាស័ក្តិសម
ជាអង្គសម្ពុទ្ធគ្មានគ្រឿងលាយឡំ      កិលេសសាំញ៉ាំរលាយគ្មានសល់ ។
ទី៣ ហៅថា បញ្ញាគុណំ                 តេជៈក្លាខ្លាំងទ្រង់ត្រាស់ដឹងយល់
ចតុរារយសច្ចទាំងឬសគល់             និងក្តីងឿងឆ្ងល់សព្វគ្រប់ប្រការ ។
ដោយអានិសង្សបង្គំវន្ទា                  អង្គព្រះឈ្នះមារមហាករុណា
សូមគុណព្រះអង្គជួយសាធុការ        ដល់អស់សត្តាដែលមានភ័យភិត។
ងងិតងងល់ខ្វះខ្សែប្រាជ្ញា                  សូមទ្រង់មេត្តាដឹកនាំផ្លូវពិត
ផ្សាយព្រះមហាគុណឲ្យរួចវិបត្តិ       ទុក្ខសោកខ្ចាយខ្ចាត់កុំបីសល់ហោង ។
                                               

                                                        ភិក្ខុ សិក្ខាជោតោ សាន្តភិរម្យ
Share this article :