Latest Movie :

សិក្សាស្វែងយល់ឥតឈប់

គឺអ្នកខ្លួនឯងជាអ្នកទទួលខុសត្រូវលើការអប់រំ និងចំណេះដឹងរបស់ខ្លួនឯង។ បើអ្នកចង់សិក្សាពីមុខវិជ្ជាអ្វីមួយ ចូរស្វែងរកឲ្យបាននូវធនធានដែលជាប្រភពពត៌មាននៃមុខវិជ្ជានោះ ដូចជាត្រូវទៅបណ្ណាល័យ បណ្ណាគារដើម្បីទិញសៀវភៅ ឬទស្សនាវដ្តីជាដើម។ ពិសេសជាងនេះទៅទៀត អ្នកគួរព្យាយាមនៅឲ្យស្និទ្ធជាមួយ “Ïnternet” ព្រោះវាជាប្រភពធនធានចំណេះដឹងសកល និងសំបូរបែបមួយសម្រាប់មនុស្សគ្រប់រូប។ ការចូលរួមជាសមាជិកក្លឹប ឬសមាគមន៍នានាក៏ជាមធ្យោបាយមួយដ៏ល្អផងដែរដើម្បីទទួលបាននូវចំណេះដឹងថ្មី ៗ។ ចូរស្វែងរកឲ្យឃើញនូវមនុស្ស និងទីកន្លែងដែលផ្តល់ជំនាញខាងអ្វីដែលខ្លួនចង់សិក្សានៅវគ្គបណ្តុះបណ្តាលផ្សេង ៗ ហើយបង្កើតជាសំណួរឲ្យបានច្រើនដើម្បីសួរទៅគ្រូបង្រៀនរបស់ខ្លួន។ ជៀសវាងការរៀនដើម្បីរៀន តែរៀនដើម្បីទទួលចំណេះពិតប្រាកដសម្រាប់ខ្លួនឯង។ នៅពេលដែលអ្នកចាប់ផ្តើមសិក្សាវគ្គបណ្តុះបណ្តាលថ្មីមួយ អ្នកអាចជួបប្រទះនឹងកាលៈទេសៈដ៏ពិបាក ឬគួរឲ្យខ្មាសគេមួយ។ ចូរកុំភ័យ ឬបារម្ភថាខ្លួនពុំមានសមត្ថភាពនឹងសិក្សាមុខវិជ្ជានោះឲ្យបានជោគជ័យឲ្យសោះ គ្រប់គ្នានឹងជួបកាលៈទេសៈដូចគ្នានេះ។ អ្វីដែលអ្នកគួរធ្វើកឺព្យាយាមសិក្សាស្វែងយល់ពីមូលហេតុរបស់វា ហើយចងចាំឲ្យបានល្អ។

          ចូរចាត់ទុកចំណេះដឹងគឺជាចំណីដែលមិនអាចខ្វះបានហើយស្រេកឈ្លានវាគ្រប់ពេលវេលា ព្រោះថាចំណេះដឹងគឺជាអំណាច។ ប៉ុន្តែ អ្នកពុំគួរគិតថា អ្នកត្រូវខ្ចីប្រាក់កាសយ៉ាងក្រាស់គ្រែលពីអ្នកដទៃ ដើម្បីឲ្យបានសិក្សានៅឯមហាវិទ្យាល័យល្បី ៗ ដោយសំអាងហេតុថា លុះត្រាតែធ្វើបែបនេះទើបទទួលបានចំណេះដឹងពិតប្រាកដ។ មិនពិតជាដូច្នោះនោះទេ អ្នកអាចសិក្សាមុខវិជ្ជាអ្វីពីប្រភពណាក៏បានឲ្យតែអ្នកចង់ចេះពិតប្រាកដ។ ចំណេះវិជ្ជាជាអំណោយសម្រាប់ផ្តល់ឲ្យខ្លួនឯង។ ចំណេះវិជ្ជាអាចយកទៅណាមកណាក៏បាន។ មនុស្សមានគំនិតឆ្លាតវៃប្រកបដោយចំណេះដឹង តែងផ្តួលមនុស្សដែលមានតែកំលាំងខ្លាំងក្លាតែមួយមុខ។
Share this article :