លក្ខណជាតក
កាលគ្រាព្រះសម្មាសម្ពុទ្ធគង់នៅវត្តវេឡុវ័ន
(ព្រៃឫស្សី) ក្រុងរាជគ្រឹះ ទ្រង់បានត្រាស់អំពីរឿងដែលទេវទត្តប្រព្រឹត្តខ្លួនមិនល្អ
រហូតធ្វើឲ្យ បរិវារដែលគោរពស្រឡាញ់អស់ជំនឿ ទើបព្រះអង្គលើកយកជាតកមកសម្តែង
មានសេចក្តីថា ៖
កាលកន្លងទៅ
កាលព្រះសម្មាសម្ពុទ្ធទ្រង់ចាប់កំណើតកើតជាស្តេចប្រើសអាស្រ័យនៅតំបន់ជិតទីក្រុង មគធៈ
មានកូនពីរ កូនទីមួយឈ្មោះ “លក្ខណៈ” និងកូនទីពីរឈ្មោះ “កាឡៈ” ។
ពេលខ្លួនចាស់ជរាទៅ ស្តេចប្រើសក៏បែងចែកបរិវារឲ្យកូនគ្រប់គ្រង ម្នាក់ ៥០០ ក្បាល
។ លុះរដូវពេលជាំជុះចូលមកដល់
អ្នកស្រុកក៏បាននាំគ្នាដាក់អន្ទាក់ ជីករណ្តៅបង្កប់ចម្រូងជាច្រើន
ដើម្បីការពារកុំឲ្យសត្វចូលមកបំផ្លាញដំណាំដាំដុះពួកគេ ។ ចំណែកស្តេចប្រើសក៏បានដាស់តឿនកូន ៗ
របស់ខ្លួនឲ្យចេះប្រយ័ត្នប្រយែងមើលថែបរិវាររៀង ៗ ខ្លួនឲ្យបានល្អផងដែរ ។
លក្ខណៈ
នាំបរិវាររបស់ខ្លួនចេញទៅរកស៊ីនៅក្នុងព្រៃជ្រៅ ៗ ។ រីឯកាឡៈវិញជាសត្វល្ងង់ខ្លៅ
មិនដែលដាស់តឿនដល់បរិវាររបស់ខ្លួនអ្វីទេ
បណ្តោយឲ្យពួកបរិវាររបស់ខ្លួនទៅស៊ីដំណាំរបស់អ្នកស្រុកទាល់តែភ្លេចខ្លួន
ហើយត្រូវជាប់អន្ទាក់ធ្លាក់ចូលក្នុងរណ្តៅចម្រូងស្លាប់ទាំងអស់ ។
ក្រោយពេលរដូវដាំដុះកន្លងផុត
កូនទាំងពីរក៏ត្រឡប់មករកប្រើសបិតាវិញ ។ លក្ខណៈ
បាននាំបរិវារឆ្លងផុតពីអន្ទាក់ចម្រូងផ្សេង ៗ ហើយគ្មាននរណាមួយរងរបួសឬស្លាប់ឡើយ
ឯកាឡៈធ្វើឲ្យបរិវាររបស់ខ្លួនស្លាប់ទាំងអស់នៅសល់តែខ្លួនឯងមួយគត់ ។
ស្តេចប្រើសឃើញដូច្នេះក៏ពោលទៅកូន
ៗ ថា អ្នកមានបញ្ញាចេះថែរក្សាការពារបរិវាររបស់ខ្លួនឲ្យរួចផុតពីក្តីអន្តរាយផ្សេង ៗ បាន
ចំ ណែកអ្នកដឹកនាំល្ងង់ខ្លៅ តែងនាំបរិវាររបស់ខ្លួនឲ្យទៅរកសេចក្តីវិនាស ។
កាលក្រោយមក
កាឡៈកើតជាទេវទត្ត ហើយពួកបរិវារក៏មកជាបរិវាររបស់គេនាពេលនេះ។ រីឯលក្ខណៈ
គឺព្រះសារីបុត្រ ហើយពួកបរិវារគឺជាពុទ្ធបរិស័ទ ស្តេចប្រើសគឺជាអង្គតថាគតនេះឯង ។
អ្នកដឹកនាំល្ងង់ខ្លៅ
តែងបង្រៀនក្តីល្ងង់ខ្លៅដល់កូនចៅ
និងដឹកនាំកូនចៅឲ្យទៅរកក្តីអាប់ឱន
និងវិនាស ។
(ដកស្រង់ចេញពីសៀវភៅ
ប្រជុំរឿងជាតក ភាគ ១ ទំព័រ២៦ គឹម ចាន់ណា )