Latest Movie :

ឆ្កួតស្រីទាល់តែក្ស័យសង្ខារ


កណ្ឌិនជាតក
          កាលគ្រាព្រះសម្មាសម្ពុទ្ធទ្រង់គង់នៅវត្តជេតវ័ន ទ្រង់សម្តែងពីទង្វើរបស់នាងបុរាណទុតិយិកា (ភរិយាមុន) ដល់ភិក្ខុមួយអង្គដែលលះបង់ការប្រព្រឹត្តធម៌ ទើបទ្រង់លើកជាតកមកតំណាលដូចតទៅ ៖
          កាលកន្លងទៅ នៅក្នុងដែនដីមគធៈមានប្រើសព្រៃជ្រៅមួយចេញមករកស៊ីនៅតាមជាយព្រៃ បានប្រទះឃើញប្រើសញីមួយអាស្រ័យនៅទីនោះ ក៏កើតមានចិត្តប្រតិព័ទ្ធចំពោះនាងប្រើសនោះជាខ្លាំងទើបសម្រេចចិត្តបែកចេញពីហ្វូងរបស់ខ្លួនដើម្បីដើរទៅតាមហ្វូងរបស់ប្រើសញីនោះវិញ ។ ប្រើសញីដឹងថាប្រើសព្រៃឈ្មោលនេះមិនសូវស្គាល់តំបន់ជាយព្រៃនៅទីនេះទេ ទើបនាងបានដាស់តឿនឲ្យគេវិលត្រឡប់ទៅព្រៃជ្រៅរបស់ខ្លួនវិញ តែប្រើសព្រៃនៅតែចចេសមិនព្រមស្តាប់ ហើយក៏ចេះតែដើរតាមនាងប្រើសរហូតដល់ជើងភ្នំមួយ ។
          រំពេចនោះ ប្រើសញីធំក្លិនចម្លែកដូចជាមានព្រានព្រៃនៅក្បែរនោះ ទើបនាងថយមកដើរពីក្រោយប្រើសព្រៃវិញ ដើម្បីសម្លឹងមើលនាយមើលអាយនៅជុំវិញខ្លួន ។ ព្រានដែលកំពុងតែលាក់ខ្លួន នៅពេលឃើញប្រើសទាំងពីរដើរចូលមកជិតហើយ គេក៏ងើបចេញពីកន្លែងពួន រួចទាញធ្នូបាញ់តម្រង់ទៅរកប្រើសព្រៃយ៉ាងលឿន។ ប្រើសព្រៃដែលបានដឹងខ្លួនជាមុន ក៏ត្រូវព្រួញចាក់ទម្លុះដងខ្លួន ដេកដួលដោយក្តីឈឺផ្សាជាខ្លាំង។ ចំណែកប្រើសញី កាលបើឃើញប្រើសព្រៃត្រូវព្រួញដូច្នេះ នាងក៏គិតតែពីបោលរត់គេចយកខ្លួនដោយមិនគិតខ្វល់ពីប្រើសព្រៃនោះអ្វីឡើយ។
          គ្រានោះ តថាគតបានកើតជាទេវតាអាស្រ័យនៅតាមជើងភ្នំនោះបានឃើញហេតុការណ៍ទាំងអស់ ទើបព្រះអង្គទិតៀនដល់ប្រើសព្រៃនោះថា អ្នកគួរណារតែមានជីវិតរស់នៅដើម្បីតបស្នងសងគុណមាតាបិតា បែរជាមកត្រូវបាត់បង់ជីវិតព្រោះតែកាមគុណ និងក្លាយមកជាអាហាររបស់ព្រានទៅវិញ
          កាលក្រោយមក ប្រើសព្រៃ និងប្រើសញីនោះកើតមកជាប្តីប្រពន្ធនឹងគ្នារីឯទេវតាគឺតថាគត។

បុរសដែលឆ្កួតវង្វេងនឹងនារី ដោយមិនអាចតាំងសតិបាន
តែងតែជួបនឹងហាយនភាពដោយជៀសមិនរួច។


(ដកស្រង់ចេញពីសៀវភៅ ប្រជុំរឿងជាតក ភាគ ១ ទំព័រ ៣០ គឹម ចាន់ណា)
Share this article :