Latest Movie :

ចាប់ពពែបានដោយប្រើទឹកឃ្មុំ


វាតមិគជាតក
        កាលគ្រាព្រះសម្មាសម្ពុទ្ធទ្រង់គង់នៅក្នុងវត្តជេតវ័ន ព្រះអង្គបានសម្តែងពីរឿងព្រះចុលបិណ្ឌបាតិកតិស្សត្ថេរៈ អស់ឈាន ដោយសារតែជាប់ជំពាក់នឹងរស់ជាតិអាហារ ដើម្បីទូន្មានឲ្យឃើញពីទោសរបស់តណ្ហា ទើបព្រះអង្គលើកយកជាតកមកតមណាល មានសេចក្តីថា ៖
          កាលកន្លងទៅ នៅសម័យព្រះបាទព្រហ្មទត្តគ្រងរាជ្យនៅក្រុងពារាណសី គ្រានោះមានអ្នកថែឧទ្យានម្នាក់ឈ្មោះ សញ្ជ័យ ចាប់បានពពែព្រៃមួយក្បាលយកទៅថ្វាយព្រះបាទព្រហ្មទត្ត ព្រះអង្គក៏ត្រាស់សួរថា ៖

          តើអ្នកបានពពែព្រៃមួយនេះពីណាមក?
          នាយសញ្ជ័យក៏ក្រាបទូលតបទៅវិញ...
          ពពែព្រៃមួយនេះបានចូលមករត់លេងនៅក្នុងសួនឧទ្យាន ហើយទូលបង្គំក៏បានប្រើទឹកឃ្មុំលាបតាមស្លឹកឈើ ព្រោះដឹងថាសត្វពពែនេះចូលចិត្តរសជាតិផ្អែមឈ្ងុយរបស់ទឹកឃ្មុំ ទើបវាដើរលិទ្ធតាមស្លឹកឈើដោយមិនដឹងថានេះជាល្បិចកលអ្វីឡើយ។ ទូលព្រះបង្គំលាបលើស្លឹកឈើអស់ជាច្រើនថ្ងៃដើម្បីឲ្យវាជាប់ចិត្តនឹងរសជាតិទឹកឃ្មុំជាមុន ទើបមកដល់ថ្ងៃនេះទូលបង្គំយកទឹកឃ្មុំមកលាបនឹងបាតដៃវិញម្តងហើយក៏អាចចាប់ពពៃព្រៃនេះបានដោយងាយដូច្នេះ
          ព្រះបាទព្រហ្មទត្តទ្រង់សណ្តាប់ដូច្នេះហើយ ក៏មានព្រះបន្ទូលឡើង..
          ដោយសារតែតណ្ហាអូសទាញ វង្វេងនឹងរសជាតិដែលជាឆន្ទរាគៈ ធ្វើឲ្យសត្វពពែព្រៃមួយនេះភ្លេចខ្លួន ហើយក៏ភ្លាត់ស្នៀតត្រូវគេចាប់បានដោយងាយដូច្នេះ!
          ពេលមានព្រះបន្ទូលចប់ហើយ ព្រះអង្គក៏បញ្ជាឲ្យគេយកពពែព្រៃនោះទៅព្រលែងនៅក្នុងព្រៃវិញទៅ។
          កាលក្រោយមក នាយសញ្ជ័យកើតជានាងវណ្ណទាសី ពពែព្រៃកើតជាចុលបិណ្ឌបាតិកតិស្សត្ថេរៈ រីឯព្រះរាជាគឺអង្គតថាគត។

កិលេសតណ្ហាដែលខ្វះបញ្ញាពិចារណា គឺជាផ្លូវនាំទៅរកក្តីអាប់ឱន។


(ដកស្រង់ចេញពីសៀវភៅ ប្រជុំរឿងជាតកភាគ ១ ទំព័រ ៣២ គឹម ចាន់ណា)
Share this article :