ឧរាទិយជាតក
កាលគ្រាព្រះសម្មាសម្ពុទ្ធទ្រង់គង់នៅវត្តជេតវ័ន
ព្រះអង្គសម្តែងជាតកដើម្បីទូន្មានទុព្វចភិក្ខុ ( ភិក្ខុដែលមិនស្តាប់ការទូន្មាន )
ឲ្យឃើញពីទុក្ខទោសនៃការមិនជឿពាក្យទូន្មានរបស់គ្រូបាអាចារ្យ ដែលដំណាលថា ៖
កាលកន្លងទៅ
តថាគតកើតជាស្តេចប្រើស គ្រប់គ្រងបរិវារនៅជិតក្រុងពារាណសី លុះថ្ងៃមួយ
នាងប្រើសខរាទិយា
ដែលជាប្អូនបានយកកូនរបស់នាងមកផ្ញើនឹងស្តេចប្រើសបងដើម្បីបានរៀនពីវិជ្ជាគេចរំដោះខ្លួន
។ ស្តេចប្រើសក៏ព្រមទទួលឲ្យរៀនជាមួយ។ នៅពេលឃើញប្រើសញីជាម្តាយត្រឡប់ទៅវិញ
កូនប្រើសកំលោះគិតតែពីដើរលេង មិនយកចិត្តទុកដាក់រៀនសូត្រ
និងមិនស្តាប់ការប្រៀនប្រដៅរបស់ស្តេចប្រើសអ្វីសោះឡើយ។
ថ្ងៃមួយកូនប្រើសបានចេញទៅរត់លេងនៅជាយព្រៃ តែដោយមិនប្រយ័ត្ន
វាក៏ភ្លាត់ស្នៀតទៅជាប់អន្ទាក់ព្រាន ហើយក៏ពន្លឺសម្រែករំពងព្រៃដោយក្តីឈឺចាប់។
នាងប្រើសជាម្តាយ គ្រាន់តែឮ សម្រែករបស់កូនពីចម្ងាយ ក៏ស្ទុះប្រញាប់ប្រញាល់មកជួបស្តេចប្រើសជាបង
ដើម្បីសួរនាំពីកូនរបស់ខ្លួនដោយក្តីព្រួយបារម្ភ... “តើបងបានបង្រៀនវិជ្ជាគេចរំដោះខ្លួនដល់ក្មួយហើយឬនៅ?”
ស្តេចប្រើសក៏ឆ្លើយថា
“តើឲ្យយើងបង្រៀនវាដូចម្តេចទៅ
បើកូនរបស់ឯងវាមិនដែលស្តាប់ការទូន្មានរបស់យើងផងនោះ? មិនត្រឹមតែប៉ុណ្ណោះទេ អ្វីផ្សេង
ៗ ទៀតក៏វាមិនរៀនដែរ! មើលទៅវាប្រហែលជាត្រូវបញ្ចប់ជីវិតក្នុងគ្រានេះហើយ!”
ទីបំផុត
ប្រើសកំលោះក៏អស់ជីវិតក្នុងគ្រានោះទៅ។
កាលក្រោយមក ប្រើសក្បាលរឹងមួយនោះកើតជាភិក្ខុដែលមិនស្តាប់ការទូន្មាននេះ
ឯស្តេចប្រើសនោះ គឺតថាគត។
អ្នកដែលធ្វើខ្លួនឲ្យទៅជាមនុស្សពិបាកបង្រៀន
ច្រើនតែនាំហាយនភាពមកដល់ខ្លួន។
(ដកស្រង់ចេញពីសៀវភៅ
ប្រជុំរឿងជាតកភាគ ១ ទំព័រ ៣៤ គឹម ចាន់ណា)