តិបល្លត្ថមិគជាតក
កាលគ្រាព្រះសម្មាសម្ពុទ្ធទ្រង់គង់នៅវត្តពទ្រ្ទិការាម នាក្រុងកោសម្ពី ទ្រង់សរសើរព្រះរាហុល
ដែលជាមនុស្សស្រឡាញ់ការសិក្សា ទើបព្រះអង្គលើកជាតកមកតំណាល មានសេចក្តីថា ៖
កាលកន្លងទៅ តថាគតកើតជាស្តេចប្រើសដែលមានបរិវារយ៉ាងច្រើន ។ កាលគ្រាមួយនាងប្រើសដែលត្រូវជាប្អូនស្រី
បានយកកូនមកផ្ញើដើម្បីបានរៀនសូត្របំពេញវិជ្ជាការពារជីវិត។
ប្រើសដែលត្រូវជាក្មួយបានខិតខំព្យា យាមរៀនសូត្រ និងស្តាប់តាមឱវាទ
ដំបូន្មានរបស់ស្តេចប្រើសគ្រប់ប្រការ។
លុះថ្ងៃមួយប្រើសកំលោះចេញទៅរកស៊ីនៅឯជាយព្រៃដោយមិនបានប្រយ័ត្ន ខ្លួនក៏ភ្លាត់ជើងធ្លាក់ចុះចូលក្នុងអន្ទាក់របស់នាយព្រាន ហើយស្រែកលាន់កងរំពងពេញព្រៃដោយក្តីឈឺចាប់។
ប្រើសជាមាតា ពេលបានឮសូរសម្រែករបស់កូនដូច្នោះ
ក៏ប្រញាប់ប្រញាល់ធ្វើដំណើរទៅរកស្តេចប្រើសដើម្បីសុំការជួយសង្គ្រោះ។
ស្តេចប្រើសបានពោលថា “មិនបាច់បារម្ភទេ! គេរៀនចេះវិជ្ជាការពារខ្លួនរួចអស់ហើយ”
និយាយពីប្រើសកំលោះវិញ គេខំតាំងស្មារតីនឹងន
ព្រមទាំងគិតរកវិធីរំដោះខ្លួនពីអន្ទាក់ព្រាន ដោយធ្វើពុតជាស្លាប់។
លុះពេលព្រានព្រៃមកដល់ ឃើញប្រើសដេកស្តូកដូច្នោះក៏គិតថាប្រើសនេះស្លាប់ទៅហើយ
ទើបគេស្រាយចំណងចេញ ហើយដើរទៅរកមែកឈើមកចងដើម្បីសែងប្រើសយកទៅផ្ទះ។ កូនប្រើសកាលបើឃើញនាយព្រានចេញទៅឆ្ងាយហើយ
វាក៏ស្ទុះក្រោករត់សំដៅទៅក្នុងព្រៃភ្លាមមួយរំពេច។
កាលក្រោយមក កូនប្រើសកើតជាភិក្ខុរាហុល នាងប្រើសគឺនាង ឧប្បុល វណ្ណា ឯស្តេចប្រើសគឺអង្គតថាគត។
អ្នកដែលតាំងចិត្តរៀនសូត្រជាប្រចាំ
តែងនាំជីវិតទៅរកភាពគង់វង្ស និងរីកចម្រើន។
(ដកស្រង់ចេញពីសៀវភៅ ប្រជុំរឿងជាតកភាគ ១ ទំព័រ ៣៦ គឹម ចាន់ណា)