Latest Movie :

មូលហេតុដែលដើមអំពៅត្រែងប្រហោងក្នុង

នឡកបានជាតក
            កាលគ្រាព្រះសម្មាសម្ពុទ្ធនិមន្តទៅក្រុងកោសលទ្រង់គង់នៅវត្តកេតកវ័ន ក្បែរស្រះនឡកបានបោក្ខរណី (ស្រះទឹក) ព្រះអង្គបានលើកយករឿងជាតកមកសម្តែង ដើម្បីបង្ហាញឲ្យឃើញពីមូលហេតុដែលដើមអំពៅត្រែងមានប្រហោងក្នុង ដោយទ្រង់បានដំណាលថា
            កាលកន្លងទៅ តថាគតកើតជាស្តេចពានរ មានបរិវារចំនួន ៨ ម៉ឺនក្បាល។ ស្តេច ពានរក៏មានបញ្ញា តែងតែទូន្មានដល់បរិវាររបស់ខ្លួនជានិច្ច។ កាលគ្រាមួយស្តេចពានរបានទូន្មានពួកបរិវារទាំងនោះថា “ គ្រប់ស្រះបោក្ខរណីតែងមានអារក្សទឹកនៅចាំថែរក្សាជានិច្ច! បើនរណាចង់ទៅលេងនៅកន្លែងដែលខ្លួនមិនស្គាល់ ត្រូវមកសួរស្តេចពានរយើងជាមុនសិន!”
            មានគ្រាមួយស្តេចពានរនាំពួកបរិវាររបស់ខ្លួនទៅរកអាហារនៅក្នុងព្រៃមួយ ពួកបរិវារទាំងអស់ស្រេកទឹកយ៉ាងខ្លាំង ទើបពួកគេចែកផ្លូវគ្នាដើររកប្រភពទឹក។ លុះពេលជួបហើយ ពួកបរិវារក៏នាំគ្នាអង្គុយចាំនៅមាត់ស្រះនោះ ព្រោះពួកវាចងចាំពីពាក្យទូន្មានរបស់ស្តេចពានរជានិច្ច។ ពេលស្តេចពានរមកដល់មាត់ស្រះ ក៏សង្កេតឃើញថាមានតែដានជើងចុះទៅ ប៉ុន្តែមិនឃើញដានជើងឡើងមកសោះឡើយ។ ពេលនោះ ស្តេចស្វាក៏ដឹងភ្លាមថា ស្រះទឹកមួយនេះប្រាកដជាមានអារក្សទឹកសាហាវឃោរឃៅនៅចាំថែរក្សាមិនខាន។
            ចំណែកអារក្សទឹក ពេលមិនឃើញហ្វូងស្វាចុះមកក្នុងស្រះដូច្នោះ វាក៏បង្ហាញខ្លួនចេញមកឲ្យឃើញ។ ស្តេចពានរក៏ពោលឡើងថា “យើងមិនឲ្យបរិវាររបស់យើងចុះទៅធ្វើចំណីរបស់ឯងជាដាច់ខាត!”
            រំពេចនោះស្តេចពានរក៏កាច់ដើមអំពៅត្រែងយកមកកាន់ក្នុងដៃ រួចអធិដ្ឋាននៅក្នុងចិត្ត ហើយក៏ផ្លុំចូលទៅក្នុងដើមអំពៅត្រែងនោះ បន្ទាប់មកភាពអស្ចារ្យមួយបានកើតឡើង គឺដើមអំពៅត្រែងក៏ក្លាយទៅជាមានប្រហោង ទើបស្តេចពានរចែកដើមអំពៅត្រែងដែលប្រហោងនោះ ឲ្យទៅពួកបរិវារនាំគ្នាបឹតទឹកពីក្នុងស្រះផឹកដើម្បីបំបាត់ការស្រេកទឹកនៅក្នុងគ្រានោះទៅ។
            កាលក្រោយមក អារក្សទឹកកើតជាទេវទត្ត រីឯបរិវារស្វាទាំងអស់កើតជាពុទ្ធបរិស័ទ ចំណែកស្តេចពានរគឺជាអង្គតថាគតនេះឯង។

ការចេះប្រុងប្រយ័ត្នជាប្រចាំ
នឹងនាំយើងឲ្យរួចផុតពីគ្រោះអន្តរាយផងទាំងពួង។


(ដកស្រង់ចេញពីសៀវភៅ ប្រជុំរឿងជាតកភាគ ១ ទំព័រ ៤៤ គឹម ចាន់ណា)
Share this article :