កុរុង្គមិគជាតក
កាលគ្រាព្រះសម្មាសម្ពុទ្ធគង់នៅវត្តវេឡុវ័ន
ព្រះអង្គទ្រង់សម្តែងជាតកដើម្បីប្រកាសប្រាប់ឲ្យដឹងថា ទេវទត្តព្យាយាមធ្វើឃាតព្រះអង្គ
មិនមែនត្រឹមតែជាតិនេះនោះទេ គឺតាំងពីអតីតជាតិមកម៉្លេះ។ រឿងនោះមានតំណាលថា ៖
កាលកន្លងទៅ មាននាយព្រានម្នាក់
ចិញ្ចឹមជីវិតនឹងការប្រមាញ់ដោយប្រើធ្នូបាញ់ទៅលើសត្វនោះ។ កាលគ្រានោះ
តថាគតកើតជាក្តាន់មួយក្បាលដែលតែងដើររកចំណីនៅមិនឆ្ងាយប៉ុន្មានពីក្រុងពារាណសី។
ពេលមួយក្តាននោះបានដើរស្វែងរកអាហារក្រោមដើមល្វាមួយដើម
ដែលនាយព្រានធ្វើធ្នើរអង្គុយពីលើដើម្បីឃ្លាំចាំបាញ់សត្វ។
ពាលនាយព្រានឃើញក្តាន់ដើរមកជិត គេក៏លើកធ្នូឡើងត្រៀមនឹងបាញ់ផ្តាច់ជីវិតក្តាន់
ប៉ុន្តែដោយសារតែក្តាន់ចេះ ប្រយ័ត្នប្រ យែង
និងដោយមានក្តីមន្ទិលសង្ស័យក្នុងចិត្តថា
តើនឹងមានព្រានព្រៃមកសំងំលាក់ខ្លួនលើដើមល្វានោះដែរឬយ៉ាងណា
ទើបវាឈប់ពីចម្ងាយសិនដើម្បីមើលស្ថានការណ៍ឲ្យជាក់ច្បាស់មុននឹងចូលទៅជិត។
ពេលឃើញក្តាន់មិនព្រមដើរចូលមកដូច្នេះ
នាយព្រាយក៏បោះផ្លែល្វាមួយមកដី ដើម្បីបញ្ឆោតក្តាន់ឲ្យខិតខ្លួនចូលមកជិតបន្តិច។ ក្តាន់ឃើញផ្លែល្វាជ្រុះពីដើមដូច្នេះ
វាក៏ប្រាកដក្នុងចិត្តថា នាយព្រានកំពុងលាក់ខ្លួននៅលើដើមល្វាមួយដើមនោះហើយ ទើបវាស្រែកទៅកាន់នាយព្រាននោះថា
“អ្នកឯងបោះផ្លែល្វាមកដីដើម្បីបញ្ឆោតរូបយើងមែនទេ? នោះអ្នកពិតជាគិតខុសហើយ!
ការធ្វើបែបនេះ បញ្ជាក់ឲ្យយើងដឹងច្បាស់ថាអ្នកឯងកំពុងតែលាក់ខ្លួននៅទីនេះឯង!
អ្នកឯងមិនអាចធ្វើអ្វីយើងបានទេ! ប៉ុន្តែទោះបីជាអ្នកឯងគ្មានឱកាសសម្រាប់សម្លាប់យើងមែន
តែអ្នកគ្មានឱកាសគេចផុតពីនរក ១៦ ជាន់នោះដែរ!”
ពោលចប់ ក្តាន់ក៏ដើរចេញពិដើមល្វាមួយដើមនោះ
រួចដើរស្វែងរកអាហារនៅទីកន្លែងផ្សេងជាបន្តទៀត។
កាលក្រោយមក នាយព្រានកើតជាទេវទត្ត
រីឯក្តាន់ដែលចេះប្រយ័ត្នខ្លួន គឺជាអង្គតថាគត។
អ្នកដែលមិនធ្វេសប្រហែស តែងរួចផុតពីគ្រោះភ័យទាំងឡាយ។
(ដកស្រង់ចេញពីសៀវភៅ ប្រជុំរឿងជាតកភាគ ១ ទំព័រ ៤៦ គឹម ចាន់ណា)