Latest Movie :

ធ្វើខ្លួនឲ្យក្លាយជាគ្រូបាធ្យាយ


          ប្រសិនបើអ្នកចង់សិក្សាស្វែងយល់អំពីវិជ្ជាអ្វីថ្មីជាលើកដំបូង ដោយត្រូវចំណាយពេលវេលាឲ្យខ្លីបំផុតតែបានផលល្អនោះ មធ្យោបាយដែលល្អបំផុតនោះ គឺអ្នកត្រូវតែមានគ្រូបាធ្យាយផ្ទាល់ខ្លួនម្នាក់ ។ គ្រូបាធ្យាយនោះ គឺជាមនុស្សដ៏មានបទពិសោធន៍ខ្ពស់ ហើយដែលកំពុងធ្វើការ ឬក៏បានធ្លាប់ឆ្លងកាត់មុខវិជ្ជាដែលអ្នកចង់ស្វែងយល់ ហើយក៏ជាបុគ្គលដែលយល់ព្រមធ្វើគ្រូបាធ្យាយរបស់អ្នកដែរ។ មនុស្សភាគច្រើនដែលមានជីវិតប្រកបដោយភាពជោគជ័យតែងតែកត់ត្រា និងចងចាំនូវបទពិសោធន៍តស៊ូពីដំណាក់កាលដំបូងរបស់ខ្លួនទុក។ ពួកគេតែងតែជាមនុស្សមានចិត្តរីករាយជានិច្ច និងធ្វើជាគ្រូបាធ្យាយជាពិសេសចំពោះកូនសិស្សរូបណាដែលសំដែងការពេញចិត្ត មានជំនឿទុកចិត្ត មានចិត្តតស៊ូឲ្យតម្លៃដល់ការទូន្មាន និងខ្វះបទពិសោធន៍ខាងផ្នែកនេះពិតប្រាកដមែន ។ លើសពីនេះទៅទៀតក្នុងការបង្ហាត់បង្ហាញណែនាំនោះទៀតសោត គ្រូបាធ្យាយមួយចំនួនតែងផ្តល់ជាបន្ថែមនូវការណែនាំឲ្យស្គាល់បុគ្គលដែលជា បណ្តាញរបស់គាត់ដែលមានបទពិសោធន៍ច្រើនប្រហាក់ប្រហែលគ្នានេះថែមទៀតផង។

          យ៉ាងណាមិញ នៅពេលដែលអ្នកដទៃកំពុងជួយអ្នកក្នុងនាមជាគ្រូបាធ្យាយរបស់អ្នក ចូរអ្នកត្រៀមខ្លួនធ្វើជាគ្រូបាធ្យាយសម្រាប់អ្នកដទៃទៀត ព្រើវាក៏ជាតួនាទីដ៏ចម្បងរបស់អ្នកដែរ។ នេះហើយជាចំណុចចម្បងមួយនៃ គោលការណ៍សកម្ម  គឺថាអ្នកណាក៏អាចជួយអ្នកណាបានដែរ គ្រប់គ្នាត្រូវជួយគ្នាទៅវិញទៅមកទោះបីជាខ្លួនកំពុងតែទទួលជំនួយពីគេបន្តក្តី។ ចូរសាកល្បងគិតទៅមើលថា រយៈពេល ៥នាទី តើអាចធ្វើឲ្យមនុស្សពុំស្គាល់ម៉ាស៊ីនកុំព្យទ័រសោះខុសប្លែកពីមុនបានទេ? ពិតជាអាច! ។ ដូច្នេះ ចូរត្រង់ត្រាប់ស្តាប់ការណែនាំនូវពាក្យសម្តីដែលប្រកបដោយបទពិសោធន៍ គឺសម្រាប់ខ្លួនឯងផង និងដើម្បីនឹងយកទៅកែច្នៃក្នុងការណែនាំជាបន្តទៀតផង។

(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ ប្រការដើម្បីជោគជ័យទំព័រ ៨៩)
Share this article :